កម្ពុជា បំពេញតួនាទីជាប្រធានប្តូរវេនអាស៊ានប្រកបដោយជោគជ័យ ធ្វើឱ្យកិត្យានុភាពរបស់កម្ពុជា កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ
ភ្នំពេញ៖ កម្ពុជា បំពេញតួនាទីជាប្រធានប្តូរវេនអាស៊ានប្រកបដោយជោគជ័យ ធ្វើឱ្យកិត្យានុភាពរបស់កម្ពុជា កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។ នេះបើតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដំណើរការនៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ។
មហាសន្និបាត បានវាយតម្លៃប្រកបដោយមោទនភាពបំផុត ចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលគណបក្សសម្រេចបានក្នុងការបម្រើប្រទេសជាតិ និងប្រជាជនរយៈពេល ៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លើមូលដ្ឋាននេះ បានបង្ហាញច្បាស់អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏ធំធេងនៃកម្ពុជាក្នុងដំណើរឈានទៅមុខឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, ពីការចូលរួមរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅ, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ពីការចូលរួមនៃវិស័យឯកជន សង្គមស៊ីវិល និង មជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។
ដោយឡែក ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយត្រូវបានថៃរក្សាយ៉ាងគត់ម៉ត់, លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ, ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវត្រូវបានគ្រប់គ្រងដោយជោគជ័យ ការពារបាននូវអាយុជីវិតប្រជាជនដែលជាសមិទ្ធផលធំជា ប្រវត្តិសាស្ត្រ ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានសម្រេចលទ្ធផលថ្មីៗទៀត ឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយនោះ កិត្យានុភាពរបស់កម្ពុជា កាន់តែបានលើកកម្ពស់ លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានប្រកបដោយជោគជ័យ ៕ ដោយ :វណ្ណលុក