មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចចិត្ត ចំនួន ១១ចំណុច

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការ នៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។ តំណាងដែលបានអញ្ជើញចូលរួមមហាសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល, មន្ត្រីគណបក្សជាសមាជិក សមាជិកាន រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល, មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៥៥៨ រូប។

មហាសន្និបាត សូមសម្ដែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ និងសម្ដេចព្រះវររាជមាតាជាតិ មាន ព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជទីឃាយុយឺនយូរ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរជារៀងដរាប។

ផ្ទៃក្នុងរបស់គណបក្សក្នុងមហាសន្និបាត បានប្រព្រឹត្តទៅស្របតាមលក្ខន្តិកៈ និងបទបញ្ជា ស្មារតីសាមគ្គីភាព ឯកភាពខ្ពស់ និងចេញសេចក្តីសម្រេចចិត្ត ដូចតទៅ៖

១- មហាសន្និបាតបានដំណើរការតាមរបៀបវារៈ និងបានសម្រេចលទ្ធផលដូចខាងក្រោម ៖

ក- ពិភាក្សា និងអនុម័ត “របាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ និងទិសដៅ ភារកិច្ច ឆ្នាំ ២០២៣- ២០២៨។

ខ- ពិភាក្សា និងអនុម័ត “កម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និង ការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨។

គ- វាយតម្លៃអំពីការអនុវត្តភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ។

ឃ- គាំទ្រពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។

២- មហាសន្និបាតបានវាយតម្លៃប្រកបដោយមោទនភាពបំផុតចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលគណបក្សសម្រេចបានក្នុងការបម្រើប្រទេសជាតិ និងប្រជាជនរយៈពេល ៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លើមូលដ្ឋាននេះ បានបង្ហាញ ច្បាស់អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏ធំធេងនៃកម្ពុជាក្នុងដំណើរឈានទៅមុខឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, ពីការចូលរួមរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅ, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ពីការចូលរួមនៃវិស័យឯកជន សង្គមស៊ីវិល និង មជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។ ដោយឡែក ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយត្រូវបានថៃ- រក្សាយ៉ាងគត់មត់, លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ, ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវត្រូវបានគ្រប់គ្រងដោយជោគជ័យ ការពារបាននូវអាយុជីវិតប្រជាជនដែលជាសមិទ្ធផលធំជា ប្រវត្តិសាស្ត្រ ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានសម្រេចលទ្ធផលថ្មីៗទៀត ឯជីវភាពប្រជាជនរក្សាបាន លំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយនោះ កិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់ លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានប្រកបដោយជោគជ័យ។

៣- មហាសន្និបាតវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាបានបន្តភាពខ្លាំងជាសារវន្ត។ ជាក់ស្ដែង មុនផ្ទុះឡើង ជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥% នៅឆ្នាំ២០១៨ និង៧,១% នៅឆ្នាំ២០១៩។ នៅឆ្នាំ២០២០ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ក្នុងកំណើនអវិជ្ជមាន ៣,១%។ ដើម្បីឆ្លើយតបឱ្យទាន់ពេលក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយធំៗមួយ ចំនួន សំដៅគាំទ្រសេដ្ឋកិច្ចឱ្យចាកចេញពីកំណើនអវិជ្ជមានក្នុងរយៈពេលដ៏ខ្លី ដោយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបាន ងើបឡើងវិញយ៉ាងឆាប់ជាមួយនឹងកំណើន ៣% នៅឆ្នាំ២០២១, នៅឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថា មានកំណើន ៥,២% ហើយនៅឆ្នាំ ២០២៣ រំពឹងថានឹងមានកំណើន ៥,៦%។

៤- មហាសន្និបាតបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ និងបណ្តាគោលនយោបាយធំៗជា អាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត ដោយផ្អែកលើបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ ជាក់ស្ដែងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ គោលដៅជា យុទ្ធសាស្ត្រទាំង៥ រួមមាន ៖

ទី១- ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលន សង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។ ទី២- សាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរ សប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។ ទី៣- កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ (ដែល) ធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។ ទី៤-ជំរុញការអនុវត្ត “កម្ពុជាគ្មានមិនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា”។ ទី៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

៥- មហាសន្និបាតបញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឹងម៉ាត់ ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងស្មារតីនេះ ចាំបាច់ត្រូវកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យនិន្នាការនេះបង្កការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់នៅដ៏សុខសាន្តជូនប្រជាជន។ ជាមួយគ្នានេះ បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែបានល្អប្រសើរតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

៦- មហាសន្និបាតបញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេ ក្នុងការការពាររបបរាជានិយមអាស្រ័យរដ្ឋ ធម្មនុញ្ញឱ្យស្ថិតស្ថេរជានិរន្តរ៍។ ព្រមជាមួយនោះ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងលើក កម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្ដាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀតក្នុងសង្គម ក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត គ្មាន ការគំរាមកំហែង និងសុវត្ថិភាព លើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។

៧- មហាសន្និបាតផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនឱ្យបានកាន់តែល្អ ប្រសើរ តាមរយៈការបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥, បន្តអនុវត្ត កម្មវិធីជួយឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, អនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ ប្រាក់ជូនគ្រួសារដែលរងហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, បន្តជំរុញការដំឡើងប្រាក់បៀវត្សមន្ត្រី- រាជការ និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍ ការដំឡើងប្រាក់ឈ្នួលអប្ប- បរមាដល់កម្មករនិយោជិត និងការអនុវត្តប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតក្រោមបទបញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងខិតខំដោះស្រាយតម្រូវការផ្សេងៗរបស់ប្រជាជនជាអាទិ៍ ការងារធ្វើទីផ្សារកសិផល ស្ថិរភាព ថ្លៃទំនិញចាំបាច់ ការថែរក្សាសុខភាព ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការកសាងផ្លូវជនបទ ប្រឡាយទឹកជាដើម។

៨- មហាសន្និបាតប្រកាន់ខ្ជាប់ការអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ សំដៅ ការពារផលប្រយោជន៍ស្នូលរបស់ជាតិ, គោរពនិយាម គោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អ.ស.ប.

និងអាស៊ាន, ចូលរួមសកម្មក្នុងកិច្ចប្រឹងប្រែងតំបន់ និងសាកលលោកដើម្បីថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព, បន្តប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកថ្មឆ្លង ដែនគ្រប់ប្រភេទ អំពើភេរវកម្ម ជំងឺឆ្លងនានា។ល។ និងរួមចំណែកក្នុងការពង្រឹងពហុភាគីនិយម។ ជាមួយគ្នានេះ នៅក្នុងបរិការណ៍ដែលសភាពការណ៍តំបន់ និងអន្តរជាតិ កំពុងមានការវិវត្តដ៏ស្មុគស្មាញ មិនប្រាកដប្រជា និង ប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងនោះ យើងសូមអំពាវនាវដល់បណ្ដារដ្ឋដែលពាក់ព័ន្ធក្នុងជម្លោះនានា សូមបង្កើន ការអត់ធ្មត់ ពង្រឹងកិច្ចសហប្រតិបត្តិការ ហើយព្យាយាមរួមគ្នារកដំណោះស្រាយដោយសន្តិវិធី ដើម្បីធានាបាន នូវសុខសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ។

៩- មហាសន្និបាតផ្តោតសារៈសំខាន់ជាយុទ្ធសាស្ត្រ ចំពោះការបន្តកសាងពង្រឹងគណបក្សឱ្យកាន់តែ រឹងមាំ និងស្អាតស្អំលើគ្រប់ផ្នែក ដើម្បីបង្កើនការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជន និងលើកកម្ពស់ សមត្ថភាពដឹកនាំរបស់គណបក្សឱ្យឆ្លើយតបទៅនឹងសំណូមពរនៃភារកិច្ចដែលមានកាន់តែច្រើនឡើង និង កាន់តែលំបាកស្មុគស្មាញឡើង។ ជាពិសេស ការពង្រឹងគណបក្សថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់មូលដ្ឋានឃុំ សង្កាត់ ដែលមានតួនាទីគន្លឹះក្នុងការធានាជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស។

១០-មហាសន្និបាត សូមសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិនៅគ្រប់ ទិសទីទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស ដែលបានផ្ដល់យុត្តិធម៌ ការគាំទ្រ និងការជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៤៤ឆ្នាំ កន្លងទៅនេះ ដែលធ្វើឱ្យគណបក្សមានលទ្ធភាពបំពេញភារកិច្ច បម្រើជាតិមាតុភូមិប្រកបដោយជោគជ័យ។ ព្រមជាមួយនេះ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបណ្ត ប្រទេសជាមិត្ត – សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបាននិងកំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លា ដល់បុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា។

១១-មហាសន្និបាត សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្សចុះមូលដ្ឋាន រាល់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស ទាំងមូលដែលបានរក្សាខ្ជាប់នូវប្រពៃណីស្នេហាជាតិ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង យកអស់កម្លាំងកាយ និង កម្លាំងចិត្ត ខិតខំសម្រេចរាល់ភារកិច្ចដែលគណបក្សបានដាក់ចេញ និងកំពុងបន្តជំរុញសកម្មភាពឥតថមថយ ទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស និងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំ ដោះស្រាយបញ្ហាជីវភាពជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ ព្រមជាមួយនេះ មហាសន្និបាត សូមអំពាវនាវ ដល់បងប្អូនជនរួមជាតិគ្រប់ទិសទី សូមគាំទ្រកម្មវិធីនយោបាយរបស់គណបក្ស និងបន្តរួមសាមគ្គីជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារសន្តិភាព និងសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍ។

មហាសន្និបាត ប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្ដាល ដើម្បីដឹកនាំអនុវត្តសេចក្តីសម្រេចមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនាពេលនេះ ឱ្យទទួលបានជោគជ័យ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner