កំណើន នៃការចេញចូលនាវាទេសចរណ៍ខ្នាតធំៗមកខេត្ត ព្រះសីហនុ ផ្តល់សញ្ញាណវិជ្ជមានច្រើនដល់ទេសចរណ៍កម្ពុជា

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ បន្ទាប់ពីនាវាទេសចរណ៍ខ្នាតធំមួយគ្រឿងទៀត មាន ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូល សំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់ មាន សក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ អ្នកជំនាញទេសចរណ៍លើក ឡើងថា នេះជាពន្លឺថ្មីមួយ សម្រាប់ការងើបឡើងវិញនៃវិស័យ ទេសចរណ៍។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ កម្ពុជា បានឱ្យដឹងថា ការចូលចតនៃនាវាទេសចរណ៍ខ្នាតយក្ស មួយគ្រឿងហើយមួយគ្រឿងទៀត ជាបន្តបន្ទាប់នេះ បានបង្ហាញពី សញ្ញាណវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ជា ពិសេសក្នុងខេត្តព្រះសីហនុផ្ទាល់។

លោកស្រីបានបន្ថែមថា ថ្វីត្បិតតែការចូលចតនេះមានរយៈពេលខ្លី តែជានិន្នាការមួយដែលល្អ ក្នុងការទាក់ទាញទេសចរណ៍ ដែល រាជរដ្ឋាភិបាល បាននិងកំពុងពិចារណា ទៅលើទេសចរណ៍រយៈ ពេល ខ្លី ដែលមានន័យថា ទេសចរដែលមកកម្សាន្តមិនស្នាក់នៅទេ ប៉ុន្តែចូលក្នុងចំនួនរាប់ពាន់នាក់ ឬឈានដល់រាប់ម៉ឺននាក់ ក្នុងនាវា យក្សនីមួយៗ។

លោកស្រីបានបញ្ជាក់ថា ៖ «ការចូលចតនាវាខ្នាតធំនៅកម្ពុជា ក្នុង រយៈពេលខ្លីៗនេះ ដោយសារតែខាងនាវាទេសចរណ៍គេ ពឹងផ្អែក ទៅលើគម្រោងកម្សាន្តកម្មវិធីចាស់ ដែលកាលណោះកម្ពុជា ជា ពិសេសខេត្តព្រះសីហនុមិនទាន់មានភាពសម្បូរបែបលើផលិតផលទេសចរណ៍ និងកន្លែងកម្សាន្តនៅឡើយ ដែលខុសពីបច្ចុប្បន្ននេះ។ខ្ញុំសង្ឃឹមថា នាវាទេសចរណ៍ខ្នាតធំទាំងនោះ នឹងអភិវឌ្ឍន៍កម្មវិធី កម្សាន្ត របស់ គេបន្ថែមទៀតនៅកម្ពុជា ដើម្បីឱ្យយើងអាចទាញ ផលប្រយោជន៍បានកាន់តែច្រើនថែមទៀតពីការចូលចតរបស់នាវាទាំងនោះ»។

លោកស្រី ឆាយ ស៊ីវលីន បានបន្តទៀតថា កន្លងទៅធ្លាប់មានភ្ញៀវ ទេសចរមួយចំនួនតូច ដែលមកតាមនាវាទេសចរណ៍បែបនេះ បាន ទៅកម្សាន្ត នៅខេត្តផ្សេងៗក្រៅពីខេត្តព្រះសីហនុដែរ តាមរយៈ ភ្នាក់ងារទេសចរណ៍កម្ពុជា ដែលមានដូចជាខេត្តកែប កំពត និង ខេត្តកោះកុងជាដើម។ប៉ុន្តែក្រោយមានវិបត្តិកូវីដ១៩មក សេវាកម្ម ទេសចរណ៍ប្រភេទនេះ បានផ្អាកបណ្តោះអាសន្នសិន រហូតដល់ ថ្មីៗនេះ មាននាវាទេសចរណ៍មកជាបន្តបន្ទាប់ ប៉ុន្តែបានត្រឹម កម្សាន្ត ក្នុងខេត្តព្រះសីហនុ មិនបានទៅខេត្តដទៃទៀត ដោយ សារ មកក្នុងរយៈខ្លីពេក។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រះសីហនុ បានប្រាប់ឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកតាម រយៈនាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE បានធ្វើ ដំណើរទៅដល់កន្លែងកម្សាន្តមួយចំនួនដូចជា នៅតាមតំបន់ឆ្នេរ នៅក្នុងទីក្រុងព្រះសីហនុ, នៅតាមផ្សារ វត្តអារាម សាលារៀន និងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនទៀត។
លោកបានបញ្ជាក់បន្ថែមថា ៖ «ដោយសារតែភ្ញៀវទេសចរចូល មកកម្សាន្តមានរយៈពេលខ្លីពេក ដូចនេះប្រយោជន៍ដែលពលរដ្ឋ និងអាជីវករទទួលបានពីដំណើរកម្សាន្តគឺមិនបានច្រើននោះទេ។ តែយ៉ាងណាក៏ដោយនេះ ក៏ជាសញ្ញាល្អមួយសម្រាប់វិស័យ ទេសចរណ៍ យើងដែរ។»

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងដែរ ថា ការចូលចតជាបន្តបន្ទាប់របស់ នាវាទេសចរណ៍ខ្នាតធំមួយ គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE នេះ គឺជាបង្ហាញ ពីទំនុកចិត្ត របស់ទេសចរបរទេស ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ធំ ៗ ទាំងនេះ មកលើប្រទេសកម្ពុជា ជាពិសេសជឿជាក់លើការទប់ ស្កាត់ជំងឺកូវីដ១៩នៅទូទាំងប្រទេស»។

លោកបានបញ្ជាក់ថា ៖ «នេះជារូបភាពមួយ ដែលបង្ហាញ ទៅ កាន់ពិភពលោកថា កម្ពុជាមានសក្តានុពលទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចបង្កលក្ខណៈងាយ ស្រួល ដល់ការ ចូលចត និងធ្វើដំណើរពីសំណាក់នាវាខ្នាតយក្សបែបនេះ។អាជ្ញាធរ នឹងបន្តខិតខំប្រឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីបង្កលក្ខណៈ ងាយស្រួល និងបង្កើតការទាក់ទេសចរ តាមនាវាខ្នាតធំៗបែបនេះ មកកាន់ខេត្តព្រះសីហនុ ក៏ដូចជាកម្ពុជាបន្ថែមទៀត»។

បើតាមក្រសួងទេសចរណ៍ នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មាននាវិកចំនួន ៤៤២នាក់ (ស្រី៧២នាក់) មាន៤៨ សញ្ជាតិ មានភ្ញៀវទេសចរចំនួន ៣៣៨នាក់ (ស្រី ១៦៧នាក់) មាន ២២សញ្ជាតិ។ នាវាចេញមកពីប្រទេសថៃ ចូលមកប្រទេស កម្ពុជានៅថ្ងៃនេះ (២៨ខែមករា)និងបន្តចេញទៅវិញ និងបន្តចាក ចេញទៅកាន់ប្រទេសវៀតណាមវិញ ។នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មានសញ្ជាតិអាមេរិកច្រើនជាងគេ ចំនួន ១២៧នាក់ អង់គ្លេសចំនួន ៧៨នាក់ និងអូស្រ្តាលីចំនួន ៣៣នាក់ ។
សូមជម្រាបដែរថា នេះគឺជាការចូលចតលើកទី៣ បន្ទាប់ពីការអាក់ ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេលជាង ពីរឆ្នាំ កន្លងមកនេះ ដែលនេះជាសញ្ញាវិជ្ជមានបញ្ជាក់ថា វិស័យ ទេសចរណ៍កម្ពុជា ធានាបានភាពធន់ និងការត្រៀមខ្លួនរួចជា ស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕
ដោយ៖វណ្ណ សុជាតា

ads banner