ហ្វីលីពីនផ្តល់លទ្ធភាពឱ្យសហរដ្ឋអាមេរិកចូលរួមមូលដ្ឋានទ័ពក្នុងប្រទេសខ្លួន

ម៉ានីល៖ សហរដ្ឋអាមេរិក និងហ្វីលីពីនបានប្រកាសពីកិច្ចព្រមព្រៀងមួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីផ្តល់ឱ្យទាហានអាមេរិកចូលទៅកាន់មូលដ្ឋានចំនួន៤ផ្សេងទៀតនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលសម្ព័ន្ធមិត្តដ៏យូរនេះព្យាយាមទប់ទល់នឹងការកើនឡើងឥទ្ធិពលយោធារបស់ចិន។

កិច្ចព្រមព្រៀងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុង “តំបន់យុទ្ធសាស្ត្រនៃប្រទេស” ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន។

ការអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់ និងការកសាងមូលដ្ឋានទ័ពរបស់ចិននៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ បានផ្តល់នូវកម្លាំងជំរុញថ្មីដល់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល ដើម្បីពង្រឹងភាពជាដៃគូរបស់ប្រទេសទាំងពីរ។

មន្ត្រីការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ហ្វីលីពីន និងសហរដ្ឋអាមេរិកមានមោទនភាពក្នុងការប្រកាសផែនការរបស់ខ្លួន ក្នុងការពន្លឿនការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិឱ្យប្រសើរឡើង (EDCA) ជាមួយនឹងកិច្ចព្រមព្រៀងដើម្បីកំណត់ទីតាំង ដែលបានព្រមព្រៀងថ្មីចំនួន ៤ នៅក្នុងតំបន់យុទ្ធសាស្ត្រនៃប្រទេស។ មន្ត្រីជាន់ខ្ពស់ហ្វីលីពីនបានប្រាប់សារព័ត៌មាន AFP ថា ការពិភាក្សាកំពុងបន្តសម្រាប់មូលដ្ឋានទី ៥ ដ៏មានសក្តានុពល។

សូមបញ្ជាក់ថា ប្រទេសទាំងពីរមានសម្ព័ន្ធភាពសន្តិសុខដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ ដែលរួមមានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក និងកតិកាសញ្ញា EDCA ឆ្នាំ ២០១៤ ដែលអនុញ្ញាតឱ្យទាហានអាមេរិកអាចចល័តនៅតាមមូលដ្ឋានចំនួន ៥ របស់ហ្វីលីពីន រួមទាំងទីតាំងនៅជិតដែនទឹកដែលមានជម្លោះផងដែរ។

វាក៏អនុញ្ញាតឱ្យយោធាអាមេរិករក្សាទុកឧបករណ៍ការពារ និងការផ្គត់ផ្គង់នៅលើមូលដ្ឋានទាំងនោះផងដែរ។ ប៉ុន្តែ EDCA បានជាប់គាំងក្រោមការដឹកនាំរបស់អតីតីប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ ប៉ុន្តែអ្នកស្នងតំណែងថ្មី គឺលោក ម៉ាកូស បានព្យាយាមពន្លឿនការអនុវត្តនៃកិច្ចព្រមព្រៀងនេះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner