វត្តមានលើកដំបូងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋឥណ្ឌា
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម ចាក់ឌីប ថាំងកា (Jagdeep Dhankha) អនុប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃ ដំណើរបំពេញទស្សន កិច្ចនៅរដ្ឋធានី ញូវដែលី នៃសាធារណរដ្ឋឥណ្ឌា ។នេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើក ដំបូងបង្អស់របស់មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការ អបអរសាទរ ខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការចាប់តាំងពីឆ្នាំ១៩៥២ មក។
ប្រភពពីមន្រ្តីក្រុមការងារបានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តម ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនងជា ប្រវត្តិសាស្ត្រ ដ៏យូរលង់រវាងកម្ពុជា និង ឥណ្ឌា និងបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានថែរក្សារឹងមាំរហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការ រីកចម្រើនទៅមុខនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ ឯកឧត្តម អនុប្រធានាធិបតី ក៏បានរំឭកផង ដែរ អំពីការធ្វើដំណើររបស់ ឯកឧត្តម មកកាន់ប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដោយបានកោតសរសើរកម្ពុជាអំពីជោគជ័យ និង ការរៀបចំដ៏ល្អឥតខ្ចោះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម ប្រធានាធិបតីអំពីការផ្តាំផ្ញើសាក សួរសុខ ទុក្ខ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាន សម្តែង នូវមោទក ភាព ព្រមជា មួយការអរគុណចំពោះការផ្តល់កិត្តិយស និង បដិសណ្ឋារ កិច្ច ស្វាគមន៍យ៉ាងកក់ក្តៅដែល បានផ្តល់ជូនគណៈ ប្រតិភូកងទ័ព ជើងគោកនៃកងយោធពលខេមរភូមិន្ទ ពីសំណាក់រដ្ឋាភិបាល និងកងទ័ពនៃ សាធារណរដ្ឋឥណ្ឌា ដោយនេះពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការគោរពឱ្យតម្លៃចំពោះទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដែលជាទំនាក់ទំនង ស្អិតរមួតដិតដាមដោយដានប្រវត្តិសាស្ត្រដ៏យូរលង់រាប់ពាន់ឆ្នាំក្នុងអតីតកាល។
ឯកឧត្តមឧត្តមសេនីយ៍ ក៏បានបន្តថា នៅក្រោយការបង្កើតចំណង ការ ទូត ផ្លូវការក្នុងឆ្នាំ១៩៥២ ជាពិសេសក្រោមកិច្ច ខិតខំប្រឹងប្រែងរបស់ សម្តេច តេជោ ហ៊ុន សែន រួមនឹងប្រមុខថ្នាក់ដឹកនាំឥណ្ឌាជាច្រើនរូប ចាប់តាំងពីការ រំដោះប្រទេស ចេញពីរបប ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងប្រទេស ទាំងពីរ ក៏បាននិងកំពុងតែមានការរីកចម្រើនជឿន លឿនទៅមុខយ៉ាងល្អ ប្រសើរ ទាំងទំនាក់ទំនងកម្រិតទ្វេភាគី និងទំនាក់ទំនងក្នុងក្របខ័ណ្ឌ ពហុភាគីនៃវេទិកាតំបន់ និងសាកល។ សម្រាប់អនាគត ទំនាក់ទំនងដ៏ល្អ នេះក៏នឹងត្រូវបានថែរក្សាពូនជ្រុំ និងពង្រឹងឥតឈប់ឈរទៅមុខលើគ្រប់ វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ឯកឧត្តមឧត្តមសេនីយ៍ ក៏បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះ សាធារណរដ្ឋឥណ្ឌាក្នុងនាមជាមិត្តល្អ ដែលតែងមាន សមានចិត្តជួយ ឧបត្ថម្ភគាំទ្រដល់កម្ពុជាជាប់រហូតមក ជាពិសេសក្នុងកាលៈទេសៈដែល កម្ពុជាបានជួបប្រទះការ លំបាក ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ។ឥណ្ឌាជាប្រទេស ប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជានៅក្រោយការដួលរលំ នៃរបប ខ្មែរក្រហម និងក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជាច្រើន ដូចជាការជួយបណ្តុះបណ្តាលអភិវឌ្ឍធនធាន មនុស្សចាប់ តាំងពីឆ្នាំ១៩៨១, ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព, ការបញ្ជូនកងកម្លាំង ថែរក្សា សន្តិភាពមួកខៀវមកកម្ពុជា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម៕ដោយ៖ពលជ័យ