អង្គការណាតូជំរុញឱ្យរុស្ស៊ីគោរពតាមសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយជាមួយសហរដ្ឋអាមេរិក

ព្រុចសែល៖ អង្គការណាតូ នៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភថា ប្រទេសរុស្ស៊ីកំពុងខកខានក្នុងការអនុវត្តតាមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលនៅសល់ចុងក្រោយរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក។

នៅពេលដែលភាពតានតឹងកើនឡើង ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះ អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចោទប្រកាន់ទីក្រុងមូស្គូថា មិនបានបំពេញតាមការសន្យារបស់ខ្លួន ក្រោមកិច្ចព្រមព្រៀង New START ដែលមានអាយុកាលមួយទសវត្សរ៍នោះទេ។

ហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិកបានថ្កោលទោសរុស្ស៊ីចំពោះការផ្អាកការត្រួតពិនិត្យក្រោមសន្ធិសញ្ញានេះ និងលុបចោលការចរចា ប៉ុន្តែមិនបានចោទប្រកាន់គូប្រជែងសង្រ្គាមត្រជាក់របស់ខ្លួន ពីការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរលើសពីដែនកំណត់ដែលបានព្រមព្រៀងនោះទេ។

យ៉ាងណាមិញ រុស្ស៊ីបានវាយបកទៅសហរដ្ឋអាមេរិកវិញ ដោយចោទថា បានបំផ្លាញកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធរវាងប្រទេសទាំងពីរ។ បន្ទាប់មក វិមានក្រឹមឡាំងបានពន្យារពេលការចរចាដោយគ្មានដែនកំណត់ ក្រោមសន្ធិសញ្ញា New START ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដោយចោទប្រកាន់អាមេរិកបានបង្កើនភាពតានតឹងរវាងភាគីទាំងពីរ។

សូមរម្លឹកថា សន្ធិសញ្ញា New START ដែលចុះហត្ថលេខាដោយអតីតីប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងឆ្នាំ ២០១០ នៅពេលដែលទំនាក់ទំនងកាន់តែមានភាពកក់ក្តៅនោះ បានដាក់កំហិតរុស្ស៊ី និងសហរដ្ឋអាមេរិកមានចំនួនអតិបរមា ១,៥៥០ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលបានដាក់ពង្រាយនីមួយៗ ដែលនេះជាការកាត់បន្ថយជិត ៣០ភាគរយពីដែនកំណត់ពីមុន ដែលបានកំណត់ក្នុងឆ្នាំ ២០០២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner