កម្ពុជាជ្រើសរើសនាយសិក្ខាកាមយោធា បន្ទាប់ពីខកខានរយៈ ពេលបីឆ្នាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជាជ្រើសរើសនាយសិក្ខាកាមសិក្សាយោធាក្នុងឆ្នាំ ២០២៣ ដែលបានខកខានអស់រយៈពេលជាងបីឆ្នាំមកហើយ ដោយ សារវិបត្តិជំងឺឆ្លងកូវីដ១៩ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស បន្ត វេន ក្នុងវិស័យការពារជាតិ ប្រឈមនឹងការចូលនិវត្តន៍របស់នាយ ទាហា ន ដែលមានវ័យចំណាស់។

ក្រសួងការពារជាតិបានចាប់ផ្តើមចែកពាក្យដល់និស្សិត សិស្ស ដើម្បី បំពេញបែបបទស្នើសុំប្រឡងចូលក្នុងក្របខណ្ឌជាកងយោធពលខេមរភូមិន្ទចាប់ពីថ្ងៃទី០១ រហូតថ្ងៃទី១៥ ខែ កុម្ភៈ ដើម្បីជ្រើសរើសនាយ សិក្ខាកាមយោធាជំនាន់ថ្មីនៅតាមបណ្តាអង្គភាពនានាសម្រាប់ឆ្នាំ២០២៣ ។

ពិធីចែកនេះត្រូវបានដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ខៀវ សុផាត អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការនៃសកលវិទ្យាល័យ ការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យា ធិការរង កាលពីដើមខែកុម្ភៈនេះ។

ឯកឧត្តម ជា តារា ទីប្រឹក្សានាយករដ្ឋមន្ត្រីនិងជាសាកលវិទ្យា ធិការ នៃសកលវិទ្យាល័យការពារជាតិ បានឱ្យដឹងថា ក្រុមការងារជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិស្ស និស្សិត បានកិច្ចសហការដ៏ ល្អជាមួយសាកលវិទ្យាល័យការពារជាតិ ដោយបានចាប់ផ្តើមដំណើរ ការពិនិត្យកាយសម្បទា និងផ្ដល់ពាក្យដល់សិស្ស និស្សិតដែលមាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីបំពេញឯកសារទៅតាម លក្ខខណ្ឌនៃការជ្រើសរើសចូលបម្រើក្នុងក្របខណ្ឌជាកងយោធពលខេមរភូមិន្ទសម្រាប់វគ្គហ្វឹកហ្វឺននាយទាហានសកម្ម, នាយទាហានទ័ព ជើងគោក, នាយទាហានបន្តវេន និងវគ្គនាយទាហានបច្ចេកទេស យោធាឆ្នាំ២០២៣។

ឯកឧត្តម ជា តារា គូសបញ្ជាក់ថា៖ «ក្នុងរយៈពេលជិតបីឆ្នាំកន្លង មកនេះ ដោយសារប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ជួបបញ្ហាប្រឈមចំពោះរោគរាតត្បាតជាសាកលនៃជំងឺឆ្លងកូវីដ១៩ បានធ្វើឲ្យសកម្មភាពការងារជ្រើសរើសសិស្ស និស្សិតនៃសង្គមស៊ីវិល ឱ្យ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបន្តវេនពីនាយ ទាហានដែលមានវ័យចាស់ៗ ត្រូវចូលនិវត្តន៍ លើវិស័យការពារជាតិ របស់កម្ពុជា ត្រូវបានអាក់ខានមួយរយៈ»។ក្នុងឆ្នាំ២០២៣ នេះ ក្រសួងការពារជាតិបានចាប់ផ្តើមជ្រើសរើសសិក្ខាកាមយោធាជាថ្មី ហើយលោកក៏បានអំពាវដល់បណ្តាសិស្ស និស្សិត ដែលបញ្ចប់ការ សិក្សាជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានបំណងចូលបម្រើការកងទ័ពរួសរាន់មកបំពេញបែបបទសុំប្រឡង ដើម្បីចូលហ្វឹក ហ្វឺនក្នុងវគ្គបណ្ដុះបណ្ដាលនាយទាហានសកម្មជំនាន់ទី ២៤ វគ្គនាយ ទាហានទ័ពជើងគោកជំនាន់ទី ១៣ វគ្គនាយទាហានបន្តវេនជំនាន់ទី ១៤ និងវគ្គនាយទាហានបច្ចេកទេសយោធាសម្រាប់ឆ្នាំនេះ។

សូមបញ្ជាក់ថា ការជ្រើសរើសនាយទាហានចូលបណ្តុះបណ្តាលក្នុង ឆ្នាំ២០២៣ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសកលវិទ្យាល័យការពារជាតិ ស្ថិតក្នុង ភូមិសាស្ត្រ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅ តាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងការពារជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យ សភាកម្ពុជា យល់ថា ការជ្រើសរើសនាយទាហានសិក្ខាកាមថ្មីជា រឿងចាំបាច់ដែលប្រទេសជាតិនីមួយៗ ត្រូវមានកងទ័ពបន្តវេន ព្រោះ មានកងទ័ពដែលត្រូវចូលនិវត្តន៍ បើមិនមានការជ្រើសរើសថ្មីទេ ប្រទេសអាចខ្វះខាតកងកម្លាំងយោធា ហើយការជ្រើសរើសនេះ មិន មែនសម្រាប់តែគោលដៅសង្គ្រាមឡើយ តែកងទ័ពអាចបម្រើការងារ ក្នុងសង្គមហូរហែរ និងសម្រាប់អន្តរាគមន៍ពេលជាតិជួបវិបត្តិតួ យ៉ាង គ្រោះធម្មជាតិ។

លោក យង់ ពៅ គូសបញ្ជាក់ថា ៖ «ការងារការពារជាតិនេះ ជារឿង ចាំបាច់ដែលត្រូវមានជាបន្តបន្ទាប់ ព្រោះមិនអាចនិយាយថាប្រទេស មានសន្តិភាព មិនត្រូវការកងម្លាំងទេ។ បើប្រទេសកាន់តែរីកចម្រើន រឹងមាំ មានសន្តិភាព វិស័យការពារជាតិ និងកងទ័ពនេះគឺត្រូវបង្កើនការ ពង្រឹង បើយើងក្រឡេកមើលប្រទេសជិតខាង និងសកលលោក គេសន្តិភាពមុនយើង រីកចម្រើនជាងយើង ហើយវិស័យការពារជាតិគេ កាន់តែរឹងមាំជាងយើងទៅទៀត»។

លោកបានបន្ថែមថា រដ្ឋាភិបាលគួរគិតគូរពង្រឹង និងអភិវឌ្ឍន៍វិស័យ ការពារ ជាតិ និងបង្កើនទំហំចំនួនទ័ព ខណៈវិស័យការពារជាតិ របស់កម្ពុជានៅទន់ខ្សោយបើធៀបនឹងបណ្តាប្រទេសជិតខាង ទាំងចំនួនកងទ័ព សមត្ថភាពបច្ចេកវិទ្យាយោធា អាវុធយុទ្ធភណ្ឌ។

សម្រាប់លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ក៏បានយល់ឃើញដែរថា ទោះបីប្រទេសកម្ពុជាប្រទេសតូចក្តី ក៏ការបង្កើនសមត្ថភាពយោធាជារឿងចាំបាច់ ខណៈសកលលោក ក៏កំពុងជួបប្រទះនឹងសង្គ្រាម តួយ៉ាងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និង សង្គ្រាមទីកន្លែងផ្សេងៗក្នុងពិភពលោក ជាពិសេសកំណែ ទម្រង់ វិស័យយោធា ដែលមិនអាចខ្វះបាននៅកម្ពុជាជាការបើកផ្លូវកសាង សមត្ថភាពធនធានមនុស្សផ្នែកការពារជាតិពិតប្រាកដនៅថ្ងៃអនាគត៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner