ដើម្បីឈានឆ្ពោះទៅទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រៀបចំពិធីផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»
ខេត្តព្រះសីហនុ ៖ ដើម្បីឈានឆ្ពោះទៅទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ជូនដល់និស្សិតប្រមាណ ២០០អង្គ/នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ដែលពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
លោកជំទាវ ម៉ែន នារីសោភ័គ បញ្ជាក់ពីគោលបំណងនៃកម្មវិធីផ្សព្វផ្សាយនាថ្ងៃនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា។ លោកជំទាវ បានរំលឹកពីខួបកំណើតរបស់កាកបាទក្រហមកម្ពុជា ដែលបានចាប់បដិសន្ធិកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយដែលជាសមាជិកទី៨៥ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ចំពោះចលនាអន្តរជាតិរបស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហមវិញ គឺបានកំណត់យកថ្ងៃទី ៨ ខែឧសភា ជាថ្ងៃខួបកំណើតរបស់លោក ហង់រី ឌុយណង់ ស្ថាបនិករបស់ចលនា ធ្វើជាទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចាប់តាំងពីឆ្នាំ១៨៦៣ រហូតមកដល់ឆ្នាំ២០២៣នេះ គឺខួបទី១៦០ឆ្នាំហើយ។
សម្រាប់ឆ្នាំ២០២៣នេះ ដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា កាកបាទក្រហមកម្ពុជា បានសម្រេចបន្តផ្អាកការប្រារព្ធមិទី្ទងថ្នាក់ជាតិ ប៉ុន្តែនៅបន្តរក្សាការអំពាវនាវឱ្យសប្បុរសជនចូលរួមបរិច្ចាគដោយសទ្ធាជ្រះថ្លា និងស្ម័គ្រចិត្តដល់កាកបាទក្រហមកម្ពុជា តាមរយៈប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការមនុស្សធម៌ក្នុងស្ថានភាពដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងចូលរួមក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺកូវី-១៩ និងការបើកប្រទេសឡើងវិញក្នុងគ្រប់វិស័យ ៕ ដោយ គ្រី សម្បត្តិ