រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម ហើយតទៅមុខ អាស៊ាន នឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងនិមាបនកម្មតំបន់ និងសកល

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម ហើយតទៅមុខ អាស៊ាន នឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងនិមាបនកម្មតំបន់ និងសកល។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងដូចនេះក្នុងសិក្ខាសាលាស្តីពី « វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ » នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្នុងរយៈកាល ៥ឆ្នាំចុងក្រោយមកនេះ ស្ថានភាពតំបន់ និងអន្តរជាតិ រួមទាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបន្តវិវត្តយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ដោយសារតែការកើនឡើង នៃការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ រវាងប្រទេសមហាអំណាច ការផ្លាស់ប្តូរតុល្យភាពកម្លាំង (Balance of Power) អស្ថិរភាពសេដ្ឋកិច្ច និងសង្គម រួមទាំងការផ្លាស់ប្តូរនូវនយោបាយការបរទេស របស់ប្រទេសអំណាចមធ្យម និងប្រទេសតូចៗ ដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលទាំងនេះ។ ក្នុងបរិបទដែលកំពុងស្មុគស្មាញ និងតានតឹងស្រាប់ ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ក៏បានបង្កជាភាពរាំងស្ទះដល់វិស័យជាច្រើន ពិសេសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ វិបត្តិសុខភាពសាធារណៈនេះ បានធ្វើឱ្យខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកមានភាពរអាក់រអួល និងកាត់ផ្តាច់កម្រិតធ្ងន់ធ្ងរ បង្កជាការរាំងស្ទះដល់តម្រូវការ លំហូរពាណិជ្ជកម្ម វិនិយោគ ការធ្វើដំណើរ និងជាហេតុនាំមកនូវការរំខានលើគ្រប់វិស័យ នៃសកម្មភាពសេដ្ឋកិច្ច។

ឯកឧត្តម ប្រាក់ សុខុន បានបន្តថា ទោះបីជាពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយហើយក៏ដោយ ក៏សេដ្ឋកិច្ចពិភពលោកនៅតែបន្តជួបប្រទះ នូវភាពមិនប្រាកដប្រជា ដោយសារកំណើនអតិផរណាលើសពីការរំពឹងទុក ការកើនឡើងអត្រាការប្រាក់ភ្លាមៗ ការរីករាលដាលនៃវ៉ារីយ៉ង់ថ្មីនៃកូវីដ-១៩ និងការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាផលឡង នៃការដាក់ទណ្ឌកម្មបន្តបន្ទាប់ និងវិបត្តិអាហារ និងថាមពល ដែលកើតចេញពីសង្គ្រាមនេះ។

ឯកឧត្តម រដ្ឋមន្ត្រីការបរទេស បានបញ្ជាក់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍ របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើន ដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ យុទ្ធសាស្ត្រ និងនយោបាយ។ ចិន ឥណ្ឌា ជប៉ុន និងសហគមន៍អាស៊ាន នឹងបន្តរីកចម្រើន លូតលាស់ ព្រមទាំងបង្កើនទំងន់ និងសារៈសំខាន់ខាងនយោបាយ សេដ្ឋកិច្ច និងយោធា។ តទៅមុខ សហគមន៍អាស៊ាននឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងនិមាបនកម្មតំបន់ និងសកល។ មានកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចច្រើន ដែលបាននិងបន្តកើតឡើង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន, រវាងអាស៊ាន និងដៃគូសន្ទនា, កិច្ចព្រមព្រៀង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន និង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ។

ឯកឧត្តម បានបន្តទៀតថា ជាមួយនេះ ទំនាក់ទំនងល្អខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងស្រុកយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខិតប្រទេសយើង ជាមួយប្រទេសដៃគូឱ្យកាន់តែជិតស្និទ្ធ ខាងផ្នែកនយោបាយទៀតផង។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលត្រូវបានប្រកាសឱ្យប្រើនៅដើមឆ្នាំ២០២១ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅខាងលើនេះ ដោយជំរុញការទាក់ទាញវិនិយោគ ស្វែងរកទីផ្សារសំរាប់ផលិតផល និងគាំទ្រដល់ឧស្សាហកម្មនាំចេញ លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌ខ្មែរ ដោយផ្អែកលើប្រៀបខ្លាំងនៃសក្តានុពលសេដ្ឋកិច្ច និងបេតិកភណ្ឌប្រវត្តិសាស្ត្រសម័យអង្គររបស់យើង ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner