រដ្ឋមន្ត្រីការបរទេស លើកទឹកចិត្តឱ្យមន្ត្រីការទូត និងស្ថានតំណាងកម្ពុជានៅបរទេស បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីការធ្វើពិពិធកម្មប្រភពកំណើន និងពង្រីកសក្តានុពលសេដ្ឋកិច្ច
ភ្នំពេញ ៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកទឹកចិត្តឱ្យមន្ត្រីការទូត និងស្ថានតំណាងកម្ពុជានៅបរទេស បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលមានស្រាប់ ដើម្បីការធ្វើពិពិធកម្មប្រភពកំណើនរបស់ខ្លួន និងពង្រីកសក្តានុពលសេដ្ឋកិច្ច ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ទោះបីអ្នកការទូតយើងធ្លាប់បានរួមចំណែកដល់ការផ្សព្វផ្សាយសេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតផលខ្មែរ និងទេសចរណ៍វប្បធម៌យើងក៏ដោយ ក៏យើងមិនដែលបានចងក្រងគំនិត ចក្ខុវិស័យពាក់ព័ន្ធនឹងសកម្មភាពការទូតសេដ្ឋកិច្ច ឲ្យមកជាឯកសារយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ឲ្យអនុវត្តនៅដើមឆ្នាំ២០២១ នោះឡើយ។ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ក្រុមការងារ និងស្ថានតំណាងកម្ពុជានៅបរទេស បានខិតខំធ្វើការយ៉ាងសកម្ម៖ទី១.ជំរុញពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរៀបចំវេទិកាធុរកិច្ច ដំណើរទស្សកិច្ចរបស់ធុរជនបរទេសមកកម្ពុជា ជំនួបជាមួយពាណិជ្ជករបរទេស និងចូលរួមពិព័រណ៌ផ្សេងៗ ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ, ទី២. ទាក់ទាញវិនិយោគិនបរទេស ដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលដៅបង្កើនការផ្សព្វផ្សាយច្បាប់វិនិយោគ ការលើកទឹកចិត្តពិសេស ក្នុងវិស័យអាទិភាព និងស្ថានភាពអំណោយផល សម្រាប់វិនិយោគិននៅកម្ពុជា និងទី៣) ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរពិសេស ពីមត៌កដ៏អស្ចារ្យនៃប្រាង្គប្រាសាទសម័យអង្គរ ព្រមទាំងម្ហូបខ្មែរ ឲ្យគេស្គាល់យ៉ាងទូលំទូលាយ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ថ្លែងថា ក្រសួង និងស្ថានតំណាងកម្ពុជានៅបរទេសតែងប្រើប្រាស់សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលទទួលបានរង្វាន់ដល់ទៅបី ក្នុងការប្រកួតប្រជែងសៀវភៅម្ហូបលើឆាកអន្តរជាតិ ព្រមទាំងផលិតផលគំរូនានា ដែលទទួលបានពីសមាគម និងវិស័យឯកជន សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយជូនប្រតិភូបរទេស ៕
ដោយ សួង ពិសិដ្ឋ