មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញថា ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ មាន គំនិត ឬការពិចារណាផ្សេងៗគ្នាក៏ដោយ ប៉ុន្តែចំណុចរួមមួយនៃភាពខុសគ្នាទាំងនោះគឺក្តីស្រឡាញ់ចំពោះជាតិមាតុភូមិ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ “Beyond the Games” ក្រោមប្រធានបទ “បេះដូងលោតក្នុងចង្វាក់តែមួយ” ដោយមានការចូលរួមពីសិស្សានុសិស្សដែលកំពុងសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅកម្រិតបឋមសិក្សាពីថ្នាក់ទី១ដល់ទី៦នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលមានផ្ទាំងគំនូរសរុបចំនួន ១៥០៧ផ្ទាំងមកពីគ្រឹះស្ថានសិក្សាចំនួន ១២៦៥ដែលបានជ្រើសរើសចេញពីស្នាដៃកុមារចំនួន ៨០០០ផ្ទាំង ដើម្បីបង្ហាញជាសាធារណៈ ។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជ័យលាភីជាច្រើនផងដែរ។
នាក្នុងឱកាសនោះ លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថាព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ដែលបានរៀបចំឡើងក្រោមប្រធានបទ “បេះដូងលោតក្នុងចង្វាក់តែមួយ” បានបង្ហាញថាទោះបីមនុស្សម្នាក់ៗមានទស្សនៈ និងការយល់ឃើញ គំនិត ឬការពិចារណាផ្សេងៗគ្នាក៏ដោយ ប៉ុន្តែចំនុចរួមមួយនៃភាពខុសគ្នាទាំងនោះគឺក្តីស្រឡាញ់ចំពោះជាតិមាតុភូមិ។

លោកជំទាវបានបន្ថែមថា “Beyond the Games” ជាឈ្មោះយុទ្ធនាការដែលនឹងផ្សារភ្ជាប់ជាមួយមហាជនទូទៅតាមរយៈមនោសញ្ចេតនា និងមោទនភាពទៅនឹងភាពជាម្ចាស់ផ្ទះនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣។ លើសពីការប្រកួតកីឡា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជាដែលជាមុខមាត់ និងកេរិ៍តឈ្មោះជាកម្លាំងថាមពល ដែលត្រូវបង្ហាញពិភពលោកឱ្យស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច សង្គមខ្មែរ ដ៏រុងរឿងថែមទៀត ៕


ដោយ-រ៉ាវុធ