លោក ចូ បៃដិន ព្រមានថា នឹងការពារផលប្រយោជន៍សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្តេជ្ញាថា គាត់នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន បន្ទាប់ពីលោកបានបញ្ជាឱ្យបាញ់ទម្លាក់បាឡុងរបស់ទីក្រុងប៉េកាំង ដែលសង្ស័យជាបាឡុងចារកម្ម ប៉ុន្តែការថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធរបស់គាត់ បានបន្តរក្សាបើកទ្វារចំហចំពោះកិច្ចសហប្រតិបត្តិការ។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សមាជិកសភា ដែលភាគច្រើនបានជំរុញឱ្យមានវិធានការតឹងរ៉ឹងលើប្រទេសចិននោះ លោក បៃដិន បានអំពាវនាវឱ្យមានការវិនិយោគរបស់សហរដ្ឋអាមេរិក ក្នុងវិស័យយោធា បច្ចេកវិទ្យា និងសម្ព័ន្ធភាព ដើម្បីប្រកួតប្រជែងប្រទេសដែលត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាគូប្រជែងសំខាន់របស់អាមេរិក។ លោក បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំប្តេជ្ញាធ្វើការជាមួយចិន ជាប្រទេសដែលអាចជួយជំរុញផលប្រយោជន៍អាមេរិកផង និងផ្តល់អត្ថប្រយោជន៍ដល់ពិភពលោកផង។

ប៉ុន្តែសូមកុំប្រព្រឹត្តខុស… ដូចដែលយើងបានបញ្ជាក់យ៉ាងច្បាស់កាលពីសប្តាហ៍មុន ប្រសិនបើប្រទេសចិនគំរាមកំហែងដល់អធិបតេយ្យភាពរបស់យើង នោះយើងនឹងធ្វើសកម្មភាពដើម្បីការពារប្រទេសរបស់យើង… ដូចដែលយើងបានធ្វើ (ការបាញ់ទម្លាក់បាឡុងចិន)។ ជាមួយគ្នានេះ លោក បៃដិន ក៏បានអះអាងដែរថា លោកបានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា យើងស្វែងរកការប្រកួតប្រជែង ប៉ុន្តែមិនមែនជាជម្លោះទេ។

ប្រធានាធិបតីអាមេរិករូបនេះបានសន្យាថា នឹងបន្តគាំទ្ររយៈពេលវែងសម្រាប់អ៊ុយក្រែន ប៉ុន្តែមិនបាននិយាយអំពីប្រទេសអ៊ីរ៉ង់ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កូរ៉េខាងជើង ឬគ្រោះរញ្ជួយដីដ៏សាហាវនៅសប្តាហ៍នេះនៅក្នុងប្រទេសតួកគី និងស៊ីរីឡើយ៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា