កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី
ភ្នំពេញ៖ កម្ពុជាមានក្តីរន្ធត់បន្ទាប់ពីបានទទួលព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ធពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផលប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្តារឡើងវិញឆាប់រហ័ស។ ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ៕
