អាជ្ញាធរខេត្តមបន្ទាយមានជ័យគ្រោងដាក់តំបន់កូនភ្នំពង្រ ជាតំបន់អភិរក្ស ធនធានធម្មជាតិព្រៃភ្នំ

អត្ថបទដោយ៖
CPA

បន្ទាយមានជ័យ៖ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភូមិសាស្ត្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កំពុងរួមគ្នា ធ្វើឱ្យក្លាយជាតំបន់អភិរក្សធនធានធម្មជាតិព្រៃភ្នំនិងអាចក្លាយទៅជាតំបន់ទេសចរណ៍ ខណៈដែលគេមើលឃើញថា ភ្នំនេះត្រូវជីកកាយយកថ្ម និងក្រួស ដើម្បីលក់ ។
អាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំដោយអភិបាលរងខេត្ត លោក លី សារី បានទៅដល់ទីតាំងភ្នំពង្រដោយពិនិត្យនិងរៀបចំផែនការ ការពារអភិរក្ស តំបន់ កូនភ្នំពង្រ ដែលមានទំហំជាង១ ៥៧៦ហិកតា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា មន្ត្រី មន្ទីរ ជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តសហការគ្នាចុះជាក់ស្តែង ពិនិត្យស្រាវ ជ្រាវលើឯកសារគតិយុត្តឱ្យបានច្បាស់លាស់ ដើម្បីមានភាពងាយស្រួល ក្នុងការគ្រប់គ្រងនិងអាចឈានទៅដល់ការចេញបណ្ណកម្មសិទ្ធិក្នុងកម្រិតណាមួយដែលមានចែងនៅក្នុងអនុក្រឹត្យជាដើម។

លោក លី សារី បញ្ជាក់ថា៖ «ត្រូវជំរុញដល់ក្រុមការងារទាំងអស់ គប្បីត្រូវបន្ត ធ្វើការ ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បី ឱ្យ មានការយល់ដឹងបន្ថែមទៀត អំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធ នឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។យើងចូលរួម ចំណែកទាំងអស់គ្នា ក្នុងការការពារអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងមូល»។

ជុំវិញរឿងនេះ លោក ស៊ុ ចន្ទគា មន្រ្តីសម្របសម្រួលសមាគម ការពារ សិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា តំបន់ កូនភ្នំពង្រ គឺជាតំបន់មួយដែលមានទាំងថ្ម និងប្រាសាទបុរាណ រួមទាំង មានគូទឹកបុរាណ ដែលប្រជាពលរដ្ឋនៅក្បែរតំបន់នោះ គឺពួកគាត់ធ្វើការ អាស្រ័យផលផងដែរ។លោកបន្តថា ៖« បើសិនតំបន់ទាំងនោះ ត្រូវការរៀបចំ ទៅជាតំបន់អភិរក្ស ឫកែច្នៃជាតំបន់ទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ គឺវាមានលក្ខណៈល្អខ្លាំងណាស់ ដោយសារតំបន់នេះ មានទីតាំងស្ថិតក្បែរ ទីរួមខេត្ត រួមជាមួយនឹងផ្លូវចេញចូលធ្វើដំណើរការងាយស្រួលទៀត ជាដើម»។ទោះជាយ៉ាងណាលោក មើល ឃើញ ថា បច្ចុប្បន្ននេះតំបន់កូន ភ្នំពង្រ ត្រូវបានក្លាយជាកម្មសិទ្ធិឯកជនជាបន្តបន្ទាប់។

លោក សេក សុខុម ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យសាលា ខេត្ត បន្ទាយមានជ័យ បានបញ្ជាក់ថា កន្លងមកកូនភ្នំពង្រនេះ ត្រូវបាន អាជ្ញាធរ មូលដ្ឋាន មន្ទីរបរិស្ថានក៏ដូចជាក្រសួងបរិស្ថាន អភិរក្ស និងថែរក្សាសម្បត្តិ ធនធានធម្មជាតិនៅលើភ្នំនោះ ហើយក៏ហាមមិនឱ្យជីកកកាយគាល់ ចំពោះ អ្វីដែលនៅលើភ្នំទាំងនោះឡើយ។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ មានការប្រជុំគ្នា ដើម្បីរៀបចំគាំទ្រតំបន់ភ្នំនេះ ឱ្យទៅជាតំបន់អភិរក្សធនធាន ធម្មជាតិព្រៃភ្នំ និងជាតំបន់ទេសចរណ៍ថែមទៀតផង។

លោកបញ្ជាក់បន្ថែមថា គ្រប់ភ្នំទាំងអស់នៅខេត្តបន្ទាយមានជ័យ មិនមែន តែកូនភ្នំពង្រទេ គឺសុទ្ធតែត្រូវបានកាយយកដី ថ្ម ក្រួស ដើម្បីយកមកអភិវឌ្ឍ ទៅលើហេដ្ឋារចនាសម្ព័ន្ធនៅតាមភូមិ ឃុំ ក្នុងមូលដ្ឋានទាំងនោះ ខណៈពេល ដែលមានបញ្ហាខ្លះរវាងអ្នកកាយភ្នំ និងអ្នកអភិរក្ស ប៉ុន្តែបញ្ហាទាំងនោះ អាជ្ញាធរ គឺពួកគាត់បានព្យាយាមដោះស្រាយរួចរាល់អស់ហើយ។
លោកលើកឡើងថា ៖«ចំពោះការធ្វើរបងព័ន្ធយកភ្នំនេះ គឺមិនមែនក្រុមហ៊ុន យកភ្នំទាំងនោះឡើយ ដោយសារខាងក្រុមហ៊ុនឯកជន ពួកគាត់មានការដ្ឋាន នៅទីតាំងនោះ ។ដូច្នេះហើយទើបធ្វើការព័ទ្ធរបង ដើម្បីការពារផល ប្រយោជន៍ សម្ភារៈរបស់ក្រុមហ៊ុនពួកគេ»។

លោក សេក សុខុមបន្ថែម ថា៖ «ខ្ញុំមិននិយាយតែកូនភ្នំពង្រហ្នឹងទេ នៅ ខេត្តបន្ទាយមានជ័យមានភ្នំជាច្រើនទៀត ដែលមានធនធានរ៉ែ ធនធាន ធម្មជាតិសម្រាប់អនាគតទៅមុខដែរ។ ក៏ប៉ុន្តែការកាយភ្នំ ការព័ន្ធភ្នំនេះ គឺគេមិនធ្វើដោយចិត្តឯងនោះទេ បានន័យថា គឺគេមាន សុំអាជ្ញាបណ្ណពីមន្ទីររ៉ែ និងថាមពល»។

សូមបញ្ជាក់ថា តំបន់កូនភ្នំពង្រនេះ មានទំហំជាង១ ៥៧៦ហិក ដែលមាន ទីតាំងស្ថិតនៅភូមិសាស្ត្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ ហើយតំបន់នេះសម្បូរទៅដោយផ្ទាំងថ្មធំៗ រួមជាមួយ នឹងក្រួស ផងដែរ។ ជាពិសេសព្រមទាំងមានប្រាសាទបុរាណ ព័ន្ធជុំវិញតំបន់ ភ្នំពង្រនេះជាដើម៕
ដោយ៖ជា សុខនី

ads banner