សម្ដេចតេជោ៖ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទ​ចោលវិទ្យុវីអូឌីនោះឡើយ

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា សម្ដេចមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីឡើយ។សម្ដេចបានលើកជាសំណួរថាហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ?។

លើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣​សរសេរ​ថា”យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។តើឈឺណាស់ទៅឬក្រោយត្រូវមួយកំផ្លៀង?”។

សំណេរបន្តថា”មុនត្រូវមួយកំផ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំផ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ”។

សម្ដេចតេជោបញ្ជាក់ថា ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ដោយគ្មានការកែប្រែ។សម្រាប់បងប្អូនដែល​បាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ៕ដោយៈពលជ័យ

ads banner