អ្នកតាមដានព្រឹត្តិការណ៍នយោបាយរិះគន់ទៅលើប្រទេសផ្តល់ជំនួយឱ្យ VOD និងបក្សនយោបាយដែលនៅពីក្រោយ
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានត្បកឱ្យប្រទេសដែលផ្តល់ជំនួយឱ្យវិទ្យុ វីអូឌី (VOD) និងគណបក្សនយោបាយដែលនៅពីក្រោយយ៉ាងចាស់ដៃ ចំពោះការចេញសេចក្តីថ្លែងការណ៍ការណ៍ការពារវិទ្យុ វីអូឌី ដែលបានផ្សាយព័ត៌មានមិនពិតបំភ្លៃបំផ្លើសវ៉ៃប្រហារមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ នៅពេលដែលសម្តេចតេជោទុកពេលឱ្យវិទ្យុនេះ ធ្វើការសុំទោសជាសាធារណៈចំពោះសម្តេច និងឯកឧត្តម ហ៊ុន ម៉ាណែត គឺខាងវិទ្យុវីអូឌីនេះ មិនព្រមសុំទោសនោះទេ។ ប៉ុន្តែនៅពេលដែលរាជរដ្ឋាភិបាលអនុវត្តច្បាប់លុបអាជ្ញាប័ណ្ណ គឺពួកគេបានយកលេសនឹងចោទប្រកាន់មកលើរាជរដ្ឋាភិបាលថែមទៀត។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈនេះថា យើងឃើញហើយវាជាលក្ខណៈការពារគ្នាជាប្រព័ន្ធ បន្ទាប់ពីរាជរដ្ឋាភិបាលផ្តល់ឱកាសឱ្យសុំទោស អត់ព្រមសុំទោសទេ ឱ្យពិនិត្យលទ្ធភាពដើម្បីផ្តល់ភស្តុតាងបញ្ជាក់អំពីព័ត៌មានថា ព័ត៌មានរបស់ខ្លួនពិត គឺអត់មានលទ្ធភាពបង្ហាញទេ ប៉ុន្តែដល់ពេលវេលាដែលរាជរដ្ឋាភិបាលសម្រេចត្រូវតែបញ្ចប់អាជ្ញាប័ណ្ណ ដកអាជ្ញាប័ណ្ណលែងឱ្យមានការផ្សព្វផ្សាយ ស្រាប់តែមានប្រទេសដែលផ្តល់ជំនួយឱ្យវិទ្យុ វីអូឌី ទាំងគណបក្សដែលនៅពីក្រោយវិទ្យុ វីអូឌី ចេញសេចក្តីថ្លែងការណ៍ការពារ វីអូឌី។
លោក សួន សេរីរដ្ឋា បានចោសួរថា មុននឹងពេលដែលវិទ្យុវីអូឌី ផ្សាយព័ត៌មានមិនពិតបំភ្លៃបំផ្លើសវ៉ៃប្រហារមកលើក្រុមគ្រួសារសម្តេចតេជោ តើក្រុមប្រទេសផ្តល់ជំនួយ និងគណបក្សដែលនៅពីក្រោយមានចេញសេចក្តីថ្លែងការណ៍ ឬការណែនាំណាមួយឱ្យ វីអូឌី សុំទោសជាសាធារណៈមកសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត ទេ គឺអត់មានទេ ទោះបីជាឯកឧត្តម ហ៊ុន ម៉ាណែត បានប្រកាសទាមទារឱ្យបង្ហាញភស្តុតាងអត់មានបង្ហាញ។ សម្តេចតេជោ ហ៊ុន សែន ឱ្យពេលវេលា ៧២ម៉ោង ដើម្បីធ្វើការដោះស្រាយជាមួយក្រសួងព័ត៌មាន ហើយនិងធ្វើការសុំទោស ប៉ុន្តែអត់មានឃើញក្រុមប្រទេសផ្តល់ជំនួយ សហគមន៍អឺរ៉ុប ឬក៏គណបក្សដែលនៅពីក្រោយខ្នងត្រូវចេញសេចក្តីថ្លែងការណ៍ ឬចេញលិខិតជំរុញមួយថា វីអូឌី ត្រូវតែសុំទោសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត ជាសាធារណៈទេ គឺអត់មមានទេ ហើយសម្ងំដើម្បីកេងយកចំណេញអំពីព័ត៌មានមិនពិតទាំងអស់នេះ យកមកធ្វើការផ្សព្វផ្សាយបន្តទៅទៀត ដើម្បីឱ្យប្រជាពលរដ្ឋយល់ច្រឡំអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ ប៉ុន្តែដល់ពេលសម្តេចតេជោ ប្រើអភិក្រមវះកាត់ដោយសម្រេចបញ្ចប់អាជ្ញាប័ណ្ណ គឺនាំគ្នាប្រតិកម្ម។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានចោទសួរថា “ពួកអ្នកនៅពីក្រោយជាអ្នកណា? មានចេតនាយ៉ាងម៉េច ដើម្បីការពារអាពួកខូច អាពួកខុស និងការពារពួកលាក់មុខទាំងអស់នេះ? គឺពួកនេះ វាមិនមែនពួកត្រឹមត្រូវទេ។ បើត្រឹមត្រូវ ជំរុញឱ្យគ្នាឯងចេះសុំទោសនៅពេលដែលធ្វើខុសហើយ ប៉ុន្តែដល់ពេលគេអនុវត្តច្បាប់ចេញមក ហើយយកលេសនឹងចោទប្រកាន់មកលើរាជរដ្ឋាភិបាលថែមទៀត”។
សូមជម្រាបថា ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចលុបលិខិតលេខ ១៦៥ ព.ម.ប្រ.ក ចុះថ្លៃទី១៥ ខែធ្នូ ឆ្នាំ២០២១ អនុញ្ញាតឱ្យមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ធ្វើសកម្មភាពលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា ដោយសារអង្គភាពនេះ រំលោភខាងធ្ងន់ធ្ងរលើវិជ្ជាជីវសារព័ត៌មាន ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ពលជ័យ