ប្រតិភូធុរកិច្ចអាល្លឺម៉ង់ ពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ពិសេស ចាប់អារម្មណ៍វិនិយោគលើវិស័យរោងចក្រផលិតរថយន្ត ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ថាមពលកកើតឡើងវិញ និងវិស័យមួយចំនួនទៀត
ភ្នំពេញ៖ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត , គ្រឿងចក្រ, សំណង់, សម្ភារសំណង់, ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់, បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ហើយក៏ សម្ដែងនូវការពេញចិត្ត ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នៅក្រោយជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដឹកនាំដោយ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ។
សម្ដេចតេជោ បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជា អនុញ្ញាតឲ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០% ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ។ កម្ពុជា ក៏អនុញ្ញាតឲ្យប្រើរូបិយប័ណ្ណបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជា ខាតបង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។ កម្ពុជា សព្វថ្ងៃនេះ គឺមានការលូតលាស់ខ្លាំង លើវិស័យសំណង់ ផងដែរ ។

ឆ្លៀតពេលនោះដែរ សម្ដេចតេជោ ក៏បានស្នើសុំឲ្យវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្ត បូកមួយ នោះមានន័យថា ក្នុងករណីដែលវិនិយោគអាល្លឺម៉ង់ ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយក៏ពិចារណា ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ដោយបានជម្រាបជូនប្រតិភូ អំពីបទពិសោធន៍កន្លងមក ដែលមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ19 ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ ។

លើសពីនោះទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍រាល់វិនិយោគទាំងឡាយរបស់អាល្លឺម៉ង់ មកកាន់កម្ពុជា ជាពិសេស ការ វិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹតកាបោន ៕ អត្ថបទ៖ វណ្ណលុក , រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
