សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីឈាបនកិច្ចសព នាយឧត្តមសេនីយ៍ ស៊ឹម សុផល នៅវត្តច័ន្ទបុរីវង្ស ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ភ្នំពេញ៖ នារសៀលថ្ងៃពុធទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រារព្ធនៅវត្ត ច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមវិយោគថាក្នុងពិធីឈាបនកិច្ច ឯកឧត្តម ស៊ឹម សុផល កើតក្នុងត្រកូលកសិករ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៥៤ នៅភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ឯកឧត្តម បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកជំទាវ ឈាង នារី ក្នុងឆ្នាំ១៩៧៧។ ចំណងដៃមង្គលការ ក្នុងសម័យខ្មែរក្រហម ឯកឧត្តម ស៊ឹម សុផល និងលោកជំទាវ បានបង្កើតកូនប្រុសស្រីចំនួន២នាក់ រួមមានទី១-លោកជំទាវ ស៊ឹម ផាណុំ និងទី២ ឥឯកឧត្តម ស៊ឹម សុរិទ្ធី។ ក្រោយថ្ងៃរំដោះ៧មករា ឯកឧត្តមបានចូលរួមបម្រើជាតិ និងប្រជាជនចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ថ្ងៃអនិច្ចកម្ម នាឆ្នាំ២០២៣នេះ។

ឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពកាលពីថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

ក្នុងសាររំលែកមរណទុក្ខ ផ្ញើជូនលោកជំទាវ ឈាង នារី ព្រមទាំងក្រុមគ្រួសារ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៃ ក្រសួងមហាផ្ទៃ បានសម្ដែងក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ ឯកឧត្តម ស៊ឹម សុផល និងចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំ ជាមួយលោកជំទាវ និងក្រុមគ្រួសារ។

សម្ដេចបានចាត់ទុកមរណភាព ឯកឧត្តម ស៊ឹម សុផល មិនត្រឹមតែជាការបាត់បង់ដោយសេចក្តី អាឡោះអាល័យបំផុតនូវស្វាមី និងឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ របស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ នូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បាន បំពេញភារកិច្ចយ៉ាងសកម្ម បម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ក្នុងរយៈពេលកន្លងមក និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ឹម សុផល សូមបានទៅ កាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner