អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ វិទ្យុ វីអូឌី មានខ្នងបង្អែកបរទេសនៅពីក្រោយ និងបម្រើឱ្យគណបក្សនយោបាយមួយ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងថា វិទ្យុ វីអូឌី មានខ្នងបង្អែកបរទេសនៅពីក្រោយ និងបម្រើកលនយោបាយរបស់គណបក្សនយោបាយ ដើម្បីវ៉ៃប្រហារលើរាជរដ្ឋាភិបាល និងជាពិសេសលើក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ មិនគោរពច្បាប់វិជ្ជាជីវៈក្រមសីលធម៌ជាអ្នកសារព័ត៌មាន។ ការសម្រេចចិត្តរបស់ក្រសួងព័ត៌មានក្នុងការលុបអាជ្ញាបណ្ណរបស់វិទ្យុ វីអូឌី គឺជាការសម្រេចចិត្តមួយដ៏៏ត្រឹមត្រូវ និងស្របច្បាប់។

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា ការសម្រេចចិត្តរបស់ក្រសួងព័ត៌មានក្នុងការលុបអាជ្ញាបណ្ណរបស់វិទ្យុ វីអូឌី គឺជាការសម្រេចចិត្តមួយដ៏៏ត្រឹមត្រូវ ហើយស្របច្បាប់ ពីព្រោះមុននឹងឈានដល់កម្រិតនៃការសម្រេចចិត្តនេះ សម្តេចតេជោបានផ្តល់ឱកាសរយៈពេល៧២ម៉ោងឱ្យថ្នាក់ដឹកនាំវិទ្យុ វីអូឌី ធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពសុំទោសដល់សម្តេចតេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីលាងជម្រះនៅព័ត៌មានមិនពិតដែលខ្លួនបានផ្សាយ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំវិទ្យុ វីអូឌី ដែលអាងបរទេសជាបង្អែក បានបំភ្លេចចោលនូវច្បាប់វិជ្ជាជីវៈក្រមសីលធម៌ជាអ្នកសារព័ត៌មាន។

សម្តេចតេជោ ហ៊ុន សែន មានមេត្តាចិត្តខ្ពង់ខ្ពស់បំផុតហើយ ពីព្រោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែល វីអូឌី បានព្យាយាមធ្វើការផ្សាយជាសាធារណៈនៅក្នុងគេហទំព័រក្តី នៅក្នុងការវិភាគតុមូលរបស់ខ្លួនក្តី ហៅវាគ្មិនរបស់ខ្លួនមកនិយាយដើម្បីសំដៅវ៉ៃប្រហារទៅលើសម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត នោះ គឺវាជារបៀបវារៈនយោបាយដែលហាក់ដូចជាកំពុងតែបម្រើកលនយោបាយរបស់គណបក្សនយោបាយមួយ ដើម្បីវ៉ៃប្រហារមកលើក្រុមគ្រួសារសម្តេចតេជោ។

លោកបន្តថា លិខិតទី១ ដែលជាការជូនដំណឹងរបស់ពួកគេដែលផ្សាយនៅលើផេករបស់ពួកគេ គឺមានចរិតឈ្លើយណាស់ និងលិខិតទី២ ដែលគេផ្ញើជូនសម្តេចតេជោ ហ៊ុន សែន គេគ្រាន់តែសម្តែងការសោកស្តាយ មានន័យថា បង្ហាញការសោកស្តាយដែលពួកគេធ្វើខុស ប៉ុន្តែគេមិនព្រមសុំទោសចំពោះអ្នកដែលគេបានប្រព្រឹត្តកំហុសលើទេ ដែលនេះជាចរិតមានៈ។ សម្តេចតេជោបានបើកបេះដូងយ៉ាងទូលាយ គឺទាមទារឱ្យមានការសុំទោស ហើយគ្រាន់តែសុំទោសប៉ុណ្ណឹងធ្វើមិនបាន មិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។

ជាមួយគ្នានេះ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ សូមឱ្យបុគ្គលិកអ្នកធ្វើការនៅវិទ្យុវីអូឌីទាំងអស់ ត្រូវជ្រួតជ្រាប ហើយកុំលួសដោយការញុះញង់បញ្ជេះកំហឹងដោយក្រុមរបស់ពួកគេថា អាហ្នឹង គឺជាការបិទសិទ្ធិសេរីភាពរបស់រាជរដ្ឋាភិបាល ឬក៏ថារាជរដ្ឋាភិបាលសម្រេចបែបនឹងមិនគិតពីឆ្នាំងបាយ ការងារប្រាក់ខែចិញ្ចឹមជីវភាពរបស់បងប្អូនមិនមែនទេ គឺរាជរដ្ឋាភិបាលគិតណាស់អំពីមុខរបរការងារ ចង់ឱ្យប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរមានប្រាក់ចំណូលច្រើនដើម្បីចិញ្ចឹមជីវភាពគ្រួសារ។ ប៉ុន្តែមេដឹកនាំ វីអូឌី ទេ ដែលខ្លួនឯងជាស្ថាប័នសារព័ត៌មានមួយ ក៏ប៉ុន្តែមិនបានប្រព្រឹត្តឱ្យត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងសហលក្ខន្តិកៈដែលខ្លួនបានតម្កល់នៅក្រសួងមហាផ្ទៃទេជាអង្គការសង្គមស៊ីវិលទេ គឺតែងតែធ្វើជាសកម្មជននយោបាយជ្រកមុខលាក់មុខនៅក្រោមស្លាកអង្គភាពសារព័ត៌មាន នៅក្រោមស្លាកសង្គមស៊ីវិលនេះ ដើម្បីបម្រើរបៀបវារៈនយោបាយរបស់គណបក្សដែលពួកគេគាំទ្រ។ មេដឹកនាំ វីអូឌីទេ ដែលធ្វើឱ្យបងប្អូនបាត់បង់ការងារ មិនមែនជាកំហុសរបស់បងប្អូនទេ គឺជាកំហុសរបស់មេដឹកនាំ វីអូឌី ពីរបីនាក់ខាងលើដែលធ្វើកិច្ចការមិនសុចរិត បោកប្រាស់បងប្អូន ប្រើវិជ្ជាជីវៈ ចំណេះសមត្ថភាពរបស់បងប្អូន និងបោកប្រាស់បងប្អូនឱ្យចូលរួមបម្រើនៅក្នុងយុទ្ធនាការ និងរបៀបវារៈនយោបាយរបស់ក្រុមពួកគេ ដើម្បីសំលៀងនៅយុទ្ធសាស្ត្រគ្រប់សព្វបែបយ៉ាងវ៉ៃប្រហារមកលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសគឺសំដៅមកលើសម្តេចតេជោ និងកូនៗ ព្រមទាំងក្រុមគ្រួសារតែម្តង៕
ដោយ៖ពលជ័យ

ads banner