ពលរដ្ឋរស់នៅអគារបុរីកីឡា ១២០០គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជាមួយនឹងការមិនបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១២០០គ្រួសារ ទទួលបាន
ការដូរដ៏មានតម្លៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើឱ្យពួកគាត់បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង។
ក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨ អគារ” ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានេះបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ថា ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាការ រួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ជូនបងប្អូន ប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ “សន្តិសហវិជ្ជមាន” និង ជាការធ្វើឱ្យមានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិ សាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាននយោបាយ “ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុង ដំណើរការចុះបញ្ជីកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋចំនួនជាង ១,២០០ គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន ១.៣៩២ បន្ទប់ ក្នុងអគារ ទាំង ៨ នេះ ថែមទៀតផង។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនទាំង ១៣៩២បន្ទប់នេះ គឺនៅសល់ ៤៦បន្ទប់ដែលមិនទាន់បានបំពេញឯកសារគ្រប់គ្រាន់ ដោយសារមានបញ្ហាផ្សេងៗ ដូច្នេះសូមបងប្អូនទៅធ្វើនៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីរាជធានី ដោយមន្ត្រីរបស់យើងនឹងនៅរងចាំធ្វើជូនបងប្អូន ជាមួយនឹងការមិនយកពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗដូចប្រជាពលរដ្ឋទាំងអស់គ្នានេះដែរ ៕
ដោយ ថេត វិចិត្រ+ហេង សម្បត្តិ


