ឯកឧត្តម ប៊ូ ជុំសេរី៖ ជំរុញឱ្យអ្នកដឹកនាំ និងកីឡាករ កីឡាការិនី ត្រូវមានការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ ទើបអាចដណ្តើមមេដាយជូនជាតិ នៅស៊ីហ្គេម
ភ្នំពេញ៖ វគ្គសិក្ខាសាលា ស្តីពី រៀបចំផែនការយុទ្ធចូលសាស្ត្រស្វែងរកឧត្តមភាព ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ រយៈពេល ៣ថ្ងៃ ជូនដល់អគ្គលេខាធិការ ឬតំណាងកាសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹកជម្រើសជាតិ បានបញ្ចប់ដោយជោគជ័យ កាលពីម្សិលមិញ នៅមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក ប៉ុន សុខ ប្រធានមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឱ្យដឹងថា វគ្គសិក្ខាសាលា ស្តីពី រៀបចំផែនការយុទ្ធចូលសាស្ត្រស្វែងរកឧត្តមភាព ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ រយៈពេល ៣ថ្ងៃ មានសមាសភាពចូលរួមមានសិក្ខាកាម ជាអគ្គលេខាធិការ អគ្គលេខាធិការរង និងគ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ ចំនួន១៤៩នាក់ លើ៤២ ប្រភេទកីឡានិងក្រុមកីឡាជនពិការ មាន១៣ប្រភេទកីឡា ដែលបានធ្វើការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ។ លោកប្រធាន បន្តថា វគ្គនេះ គ្រូឧទ្ទេសនាមបានលើកបទបង្ហាញដូចជា៖
- យុទ្ទសាស្ត្រស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
- ផែនការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ឆ្ពោះទៅស៊ីហ្គេមលើកទី៣២
- ការរៀបចំផែនការហាត់ និងការបង្ហាត់
- បទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រង់ក្រុមជំរើសជាតិក្នុងមណ្ឌលប្រមូលផ្តុំ
- យន្តការ នៃការគ្រប់គ្រងការប្រមូលផ្តុំ
- ការវាយតម្លៃ ក្នុងសៀវភៅតាមដាន
- ការព្យាបាលដោយចលនាលើផ្នែកកីឡា
- ការយល់ដឹងដូប៉ា/ដូពីង របស់គ្រូបង្វឹក
- ការប្រឆាំងការប្រើប្រាស់ដូប៉ា/ដូពីង
- ការលើកទឹកចិត្ត និងការរៀបចំផ្លូវចិត្តសម្រាប់អ្តពលិក ។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមនឹងជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រូបង្វឹក គ្រូជំនួយជម្រើសជាតិ បានយល់ច្បាស់ពីគោលបំណងទិសដៅសារៈសំខាន់ និងផលប្រយោជន៍ នៃការរៀបចំផែនការយុទ្ធសាស្រ្តស្វែងរកឧត្តមភាព ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយខកខាន៦៣ឆ្នាំនាពេលនេះ។
ក្នុងនោះដែរឯកឧត្តម បានជំរុញឱ្យគ្រប់សហព័ន្ធកីឡាជាតិ បន្ថែមការហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេសជាអន្តរជាតិអោយបានច្រើន ដើម្បីអោយកីឡាករយើងមានទំនុកចិត្តរបស់ពួកគេ ក្នុងការប្រកួតស៊ីហ្គេមនាពេលខ្លីខាងមុខនេះ។ ក្នុងនោះគ្រូបង្វឹកត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀតលើការព្យាបាលដោយចលនា និងចិត្តសាស្រ្តកីឡា។ល។ ប៉ុន្តែមិនគ្រប់គ្រាន់ទេ វាទាមទាអោយអ្នកដឹកនាំ គ្រប់គ្រង និងកីឡាករ កីឡាការិនីមានការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ លះបង់ពេលវេលា ខិនខំជំនះគ្រប់ឧបសគ្គ គួបផ្សំនិងវិន៍យសីលធម៌ប្រកបដោយស្មារតីវិជ្ជាជីវៈខ្ពស់ ទើបអាចដណ្តើមមេដាយជូនជាតិមាតុភូមិបាន។ ឯកឧត្តម បន្ថែម ។
ឯកឧត្តម ប៊ូ ជុំសេរី បានវាយតម្លៃខ្ពស់ចំពោះមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គណកម្មាធិការជាតិអូឡាំពិកកម្ពុជា គណកម្មាធិការជាតិប៉ារ៉ាហ្គេមកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលបានខិតខំប្រឹងប្រែងរួមគ្នារៀបចំវគ្គសិក្ខាសាលាដ៏មានសារៈសំខាន់ ដើម្បីអោយការហាត់ និងការបង្ហាត់ក្រុមជម្រើសជាតិ កាន់តែមានគុណភាព និងប្រសិទ្ធភាព ឈានទៅបង្កើនគុណផលកីឡាខ្ពស់ ជាពិសេសការរៀបចំផែនការយុទ្ធសាស្រ្តស្វែងរកឧត្តមភាពចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វ់ជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា ជាលទ្ធផល នៃវគ្គសិក្ខាសាលា សិក្ខាកាមទទួលបាននិទ្ទេសល្អ ចំនួន ៨៨ នាក់ស្មើនឹង ៥០ % និទ្ទេសល្អបង្គួរ ចំនួន ៥៣នាក់ ស្មើនឹង ៣០ % និទ្ទេសមធ្យម ចំនួន ២០ នាក់ ស្មើនឹង ១១ % និងនិទ្ទេសខ្សោយ ចំនួន ១៥ នាក់ ស្មើនឹង ០៩ % ៕ ចាន់ វិចិត្រ


