ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន នាខែឧសភាខាងមុខ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈរៀបចំ កិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការប្រឆាំងការរត់ពន្ធអាវុធ (WG on AS) លើកទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភានៅព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ព្រមទាំងអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។
ក្នុងស្មារតីបង្ហាញនូវការប្ដេជ្ញាចិត្ត និងឆន្ទៈដ៏មុះមុតរបស់កម្ពុជា ក្នុងនាមជាប្រទេសដឹកនាំការងារប្រឆាំងការរត់ពន្ធអាវុធ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ ក៏បានណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណាជួយសហការផ្ដល់នូវធាតុចូលដើម្បីចងក្រងរៀបចំឯកសារសម្រាប់បម្រើដល់កិច្ចប្រជុំនាពេលខាងមុខនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ៕ដោយ: រ៉ាវុធ


