បណ្ឌិត គិន ភា៖ សូមកុំទន្ទឹងរង់ចាំការវិលត្រលប់មកវិញនៃវីអូឌី, គួរចាប់យកឱកាសមាស
ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវការយល់ឃើញនូវឱកាសការងារដ៏ល្អមួយដែលគួរតែចាប់យកឱ្យបាន។ ទស្សនៈរបស់លោកបណ្ឌិតបានសំដៅត្រង់ទៅអតីតបុគ្គលិកវិទ្យុវីអូឌី ដែលពេលនេះបានទទួលនូវការផ្តល់ការងារក្នុងក្របខ័ណ្ឌរដ្ឋ។
លើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែកុម្ភៈនេះ បណ្ឌិត គិន ភា បានសរសេថា “មិនថាពេលនេះឬពេលណាទេ ការងាររាជការតែងតែជាក្តីប្រាថ្នានៃអ្នកសិក្សាភាគច្រើននៃសង្គមខ្មែរយើងរាប់ជំនាន់មកហើយ។ បើបងប្អូនអតីតបុគ្គលិក VOD មិនចាប់យកឱកាសមាសដែលជាការផ្តល់ជូនជាករណីពិសេសនៃប្រមុខរាជរដ្ឋាភិបាលនាពេលនេះទេ នោះបងប្អូននឹងបាត់បង់ឱកាសមាសបែបនេះជារៀងរហូត ហើយសូមកុំទន្ទឹងរង់ចាំការវិលត្រឡប់មកវិញនៃ VOD”។

បណ្ឌិត គិន ភា បន្តថា បងប្អូនប្រហែលជាដឹងហើយថា ការប្រឡងប្រជែងចូលការងាររាជការ មិនមែនជាការងាយស្រួលទេ ក្នុងមួយឆ្នាំៗ មានបេក្ខជនរាប់ម៉ឺននាក់ដាក់ពាក្យប្រឡងចូលការងាររាជការ តែអ្នកមានវាសនាក៏មិនច្រើនដែរ ដ្បិតចំនួនក្របខណ្ឌដែលរាជរដ្ឋាភិបាលផ្តល់ជូនសម្រាប់ក្រសួង-ស្ថាប័ននីមួយៗ គឺមានកម្រិតណាស់។ ដូច្នេះសូមបងប្អូនម្នីម្នារូតរះទៅដាក់ពាក្យសុំចូលបម្រើការងាររាជការក្នុងក្របខណ្ឌស្របតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងឧបនិស្ស័យការងាររបស់បងប្អូនរៀងៗខ្លួន។ សូមបងប្អូនកុំបណ្ដែតបណ្ដោយឱ្យខកខានពេលវេលារហូតដល់ឱសានវាទចុងក្រោយ ដែលបណ្ដាលឱ្យបាត់បង់ឱកាសមាសដ៏កម្រនេះ។ បើបងប្អូនពិតជាស្រឡាញ់ជាតិ និងពិតជាចង់ជួយជាតិមែន សូមបងប្អូនរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការងាររាជការ ហើយធ្វើការដោយបេះដូងស្មោះនឹងជាតិយើង។
សម្រាប់បងប្អូនដែលមិនមានបំណងដាក់ពាក្យសុំចូលបម្រើការងាររាជការដែលជាការផ្តល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល ហើយសុខចិត្តទៅធ្វើស្រែ ឡើងត្នោត ឬដាំស្ពៃនោះ សូមបងប្អូនអញ្ជើញទៅធ្វើខ្លួនឯងចុះ, តែសូមកុំបូបាច់ផ្លែផ្កា រុញឱ្យខ្លោច រោចឱ្យឆៅ។
លោកបានបញ្ជាក់នៅចុងបញ្ចប់នៃសំណេររបស់លោកថា “កម្ពុជាត្រូវការយើងទាំងអស់គ្នា មានភាពជាពលរដ្ឋល្អ មានសុភវិនិច្ឆ័យ ឧត្តមគតិ និងមនសិកាជាតិ ដើម្បីរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង”៕
ដោយ៖ពលជ័យ