រដ្ឋមន្ត្រីក្រសួងកសិកម្ម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីសម្រេចបានលទ្ធផលល្អ
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចូលរួមបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អនុវិស័យដំណាំ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលបានខិតខំ ប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីសម្រេចបានលទ្ធផល ល្អប្រសើរ។
ឯកឧត្តម បានស្នើឱ្យខិតខំបន្ថែមទៀតក្នុងការតម្រង់ទិសដៅកសិករឱ្យឈានទៅរកការធ្វើកសិកម្មទំនើប ដើម្បីការនាំចេញប្រកបដោយនិរន្តរភាព និងវឌ្ឍនភាពខ្ពស់ ហើយការងារនេះ ត្រូវមានការចូលរួមជាសំខាន់ពីវិស័យឯកជនផងដែរ។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញមានការអភិវឌ្ឍវិស័យកសិកម្ម ១.ដោយដំណាំសាកវប្បកម្ម ដាំនៅក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ទឹកមានលក្ខណៈស្តង់ដា ២. ដំណាំស្រូវ នឹងមានប្រព័ន្ធពូជសុទ្ធ ទូទាំងប្រទេសដែលមានវិញ្ញាបនបត្រច្បាស់លាស់ ដែលអាចផលិតពូជពិតប្រាកដ និងគ្រប់កន្លែង ៣. កសាងប្រព័ន្ធធនធានមនុស្សអោយមានប្រសិទ្ធភាព និងគិតគូរផែនការឱ្យបានច្បាស់លាស់។
សូមជម្រាបជូនថា ក្នុងឆ្នាំ២០២២កន្លងទៅផលិតកម្មដំណាំស្រូវសម្រេចបាន ៣,៤០លានហិកតា ស្មើនឹង ១១០,៤០% ផ្តល់បរិមាណផលសរុប ១១,៦២លានតោន។ លើសពីនេះទៀត ក្នុងក្របខណ្ឌស្បៀងអាហារបម្រុងកម្ពុជា យើងបានផ្គត់ផ្គង់គ្រាប់ពូជស្រូវចំនួន ៦.៧១២,២៥តោន ដើម្បីចែកជូនគ្រួសាររងគ្រោះដោយធម្មជាតិនៅចំនួន ២២ខេត្ត។ ចំពោះផ្ទៃដីសាកវប្បកម្ម សម្រេចបាន២៧៥.៦២៥ហិកតា ផ្តល់បរិមាណផលសរុប ៤,៤២លានតោន និងបានចូលរួមផលិតគ្រាប់ពូជដំណាំបន្លែចំនួន ១៨,៣០តោន ហើយបានចែកជូនគ្រួសាររងគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ ចំនួន ៩៤.៧២៥គ្រួសារ ក្នុងក្របខណ្ឌស្បៀងអាហារបម្រុងកម្ពុជា។ ចំណែកដំណាំឧស្សាហកម្មសម្រេចបាន ១,៥៧ហិកតា ផ្តល់បរិមាណផល ១៨,៦៧លានតោន។ រីឯការនាំចេញមានវិញ្ញាបនបត្រមានចំនួន ៨,៦១លានតោន ទៅកាន់ទិសដៅ ៧៤ប្រទេស កើនឡើង ៧,៨៨% ៕ សេឌី