ពួកតាលីបង់នៅប៉ាគីស្ថានព្រមានថា នឹងវាយប្រហារតាមប៉ុស្តិ៍នគរបាលថែមទៀត
អ៊ីស្លាម៉ាបាត៖ ក្រុមតាលីបង់ នៅប្រទេសប៉ាគីស្ថានបានព្រមានពីការវាយប្រហារបន្ថែមទៀត ប្រឆាំងនឹងនគរបាល បន្ទាប់ពីមានការវាយឆ្មក់ ក្នុងបរិវេណនគរបាល ថ្មីៗនេះ។
ក្រុមសកម្មប្រយុទ្ធ តាលីបង់ នៅប្រទេសប៉ាគីស្ថានបានព្រមាន កាលពីថ្ងៃសៅរ៍ អំពីការវាយប្រហារបន្ថែមទៀត ប្រឆាំងនឹងមន្រ្តីអនុវត្តច្បាប់ នៅមួយថ្ងៃ បន្ទាប់ពីមនុស្សបួននាក់ត្រូវបានសម្លាប់ នៅពេលដែលក្រុមអត្តឃាតមួយបានសម្រុកចូលប៉ុស្តិ៍នគរបាល នៅទីក្រុងការ៉ាជី។
នគរបាលប៉ាគីស្ថាន ជាញឹកញាប់ ត្រូវបានគេប្រើនៅក្នុងជួរមុខនៃការប្រយុទ្ធជាមួយពួកតាលីបង់ ហើយជារឿយៗ ជាគោលដៅរបស់ពួកសកម្មប្រយុទ្ធ ដែលចោទប្រកាន់ពួកគេ ពីការសម្លាប់ ក្រៅប្រព័ន្ធតុលាការ។
កាលពីខែមុន មន្ត្រីនគរបាលជាង ៨០ នាក់ត្រូវបានសម្លាប់ នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះអាវកាក់ជាតិផ្ទុះ នៅឯវិហារឥស្លាមមួយ នៅខាងក្នុងបរិវេណប៉ូលីស ក្នុងទីក្រុង ប៉េសាវ៉ា (Peshawar) ភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន។
កាលពីល្ងាចថ្ងៃសុក្រ សប្តាហ៍នេះ ក្រុមអត្តឃាតតាលីបង់បានសម្រុកចូលបរិវេណការិយាល័យប៉ូលីស នៅក្រុង ការ៉ាជី (Karachi) ដ៏ធំទូលាយ ក្នុងទីក្រុងកំពង់ផែភាគខាងត្បូង ដោយជំរុញឱ្យមានការប្រយុទ្ធគ្នាដោយកាំភ្លើងរយៈពេលមួយម៉ោង ដែលបានបញ្ចប់ នៅពេលដែលអ្នកវាយប្រហារពីរនាក់ត្រូវបានបាញ់សម្លាប់ និងទីបីបានបំផ្ទុះខ្លួនឯង។
អ្នកស៊ើបអង្កេតបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “ពួកគេបានចូលទៅក្នុងបរិវេណទីស្នាក់ការប៉ូលីស តាមរយៈច្រកចូលខាងក្រោយដែលត្រូវបានប្រើដោយអ្នកស្រុក “៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត


