តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ៖ កម្ពុជាគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត
ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានសម្តែងការគួរឱ្យសោកស្ដាយដែលអ្នករាយការណ៍ពិសេសបីរូប បានធ្វើសេចក្ដីអត្ថាធិប្បាយដោយលម្អៀង និងមានការរើសអើង ពាក់ព័ន្ធស្ថានីយវិទ្យុដែលទទួល មូលនិធិពីបរទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាមានភាពចាំបាច់ត្រូវលើកឡើងនូវការពិតដូចខាងក្រោម៖
1.ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលគ្រប់ប្រទេសទាំងអស់តែងតែថ្កោលទោស។ អង្គភាពសារព័ត៌មានមួយនេះបានចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃកិច្ចការផ្ទៃក្នុងរបស់កម្ពុជាស្តីពីការផ្ដល់ជំនួយមនុស្សធម៌។
2.ការលើកឡើងដោយលំអៀងរបស់អ្នករាយការណ៍ពិសេសនេះ បានមើលរំលងការពិតមិនអាចប្រកែកបាន ដែលមណ្ឌលផ្សព្វផ្សាយនោះបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីរបបសារព័ត៌មាន។ មាត្រា ១០ (ខ) នៃច្បាប់នេះ ចែងថា “ក្នុងករណីបុគ្គលសារធារណៈ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬយកមកចុះផ្សាយបន្តខុសពីការពិតដោយចេតនាអាក្រក់ប្រឆាំងនឹងបុគ្គលសាធារណៈនោះ គឺជាការប្រមាថ និងត្រូវបានហាមឃាត់”។
3.ការចោទប្រកាន់ដែលថា វិធានការនេះនឹងងលែងឱ្យមានប្រព័ន្ធផ្សព្វផ្សាយសេរីប្រតិបត្តិការនៅក្នុងប្រទេស គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈនយោបាយខ្ពស់។ សេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបន្តរស់រវើក និងប្រកបដោយ
ថាមវ័ន្ត។ ប្រជាជនទូទៅកំពុងទទួលបានសិទ្ធិអំណាចក្នងការទទួលបានសេវាអ៊ីនធឺណិតចល័តដោយគ្មានការរំខានក្នុងតម្លៃចំណាយទាបបំផុតក្នុងតំបន់។ សំឡេងរបស់ពួកគាត់ត្រូវបានពង្រីកបន្ថែមដោយវត្តមានដ៏រឹងមាំនៃប្រព័ន្ធផ្សព្វផ្សាយទាំងឌីជីថល និងប្រពៃណីជិត២០០០ អង្គភាព រួមទាំងសារព័ត៌មានដែលធ្វើការទិតៀន ដែលសុទ្ធតែទទួលបាននូវការធានាការសម្ងាត់នៃប្រភព និងដោយគ្មានការពិនិតផ្ទៀងផ្ទាត់ជាមុន។
4.ការអះអាងថាជាសារព័ត៌មាន“ឯករាជ្យ” មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយ និទណ្ឌភាព ឬដើម្បីគេចវេសពីការទទួលខុសត្រូវ និងគណនេយ្យភាពឡើយ។ ចំណាត់ការស្របច្បាប់ចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈនេះមិនធ្វើឱ្យចុះខ្សោយសេរីភាពសារព័ត៌មានដ៏រស់រវើកនៅកម្ពុជាទេ តែផ្ទុយទៅវិញ គឺជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន។
5.កម្ពុជាគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត ហើយកម្ពុជាប្ដេជ្ញារៀបចំការបោះឆ្នោតជាតិខាងមុខនេះឱ្យប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈរបស់ប្រជាពលរដ្ឋ៕
ដោយ៖ពលជ័យ