ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ៖ សម័យឌីជីថល មិនអាចខ្វះចំណេះដឹង ផ្នែកព័ត៌មានវិទ្យាបានទេ ទោះសិក្សាមុខជំនាញអ្វីក៏ដោយ
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាជំនួយរបស់រដ្ឋាភិបាលឥណ្ឌា មានទឹកប្រាក់ ៥ម៉ឺនដុល្លារអាមេរិក ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានព្រះថេរដីកាថា ជំនួយរបស់រដ្ឋាភិបាលឥណ្ឌា នាពេលនេះ ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ សម្រាប់សមណនិស្សិត និងនិស្សិតប្រុសស្រី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដ្បិតថា ទោះសិក្សាមុខជំនាញអ្វី ក៏សុទ្ធតែត្រូវការកុំព្យូទ័រ ព័ត៌មានវិទ្យា ហើយសម័យឌីជីថលនេះ គេមិនអាចខ្វះចំណេះដឹងផ្នែកព័ត៌មានវិទ្យានេះបានទេ ។

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផល ដែលត្រូវបានសម្ពោធជាផ្លូវការនេះ ពុំមែនជារឿងចៃដន្យទេ ពោលគឺបានកើតចេញពីឆន្ទៈយ៉ាងច្បាស់លាស់ ។

លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ បានចាត់ទុក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលជាស្ថាប័នឈានមុខគេ លើវិស័យពុទ្ធិកសិក្សានៅកម្ពុជាថា ជាស្ពានដ៏សំខាន់មួយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជា ហើយតាមរយៈទំនាក់ទំនងដ៏ត្រកាលនេះ ស្ថានទូតឥណ្ឌា ជាពិសេស លោកជំទាវបណ្ឌិត ចង់ឃើញ ហើយរំពឹងយ៉ាងមុតមាំថា នឹងមាននិស្សិតខ្មែរ ទៅសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅប្រទេសឥណ្ឌា កាន់តែច្រើនថែមទៀត ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ហើយក្នុងនោះក៏រួមទាំងឯកទេសព័ត៌មានវិទ្យា ឬ IT នេះផងដែរ ពីព្រោះឥណ្ឌាមានអាហារូបករណ៍សម្រាប់និស្សិតខ្មែរជារៀងរាល់ឆ្នាំ ។

សូមជម្រាបថា គម្រោងមជ្ឈមណ្ឌលព័ត៌មានវិទ្យា របស់ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ដែលបានសម្ពោធនៅពេលនេះ មានតម្លៃជាទឹកប្រាក់សរុប ៥ម៉ឺនដុល្លារ ដែលជាថវិកាជំនួយរបស់ រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ក្នុងនោះ ក៏មានការផ្ដល់ជូនកុំព្យូទ័រសរុប ៤៣គ្រឿង ដែលផ្ដល់ដល់ទីតាំងគោល នៅរាជធានីភ្នំពេញ ចំនួន ៣១គ្រឿង និងសាខានៅខេត្តបាត់ដំបងចំនួន ១២គ្រឿងផងដែរ ៕



អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត