ឯកឧត្តម ខៀវ កាញារីទ្ធ ចាត់ទុកពិព័រណ៍សៀវភៅ Big Bad Wolf Books នៅកម្ពុជា មានសារសំខាន់ណាស់ក្នុងការរួមចំណែកលើកកម្ពស់វប្បធម៌នៃការអាន
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា ពិព័រណ៍សៀវភៅ Big Bad Wolf Books បានចាប់ផ្ដើមរៀបចំជាលើកដំបូងក្នុងឆ្នាំ២០២០ ហើយពេលនោះ ការតាំងពិព័រណ៍សៀវភៅនេះទទួលបានការស្វាគមន៍ និងគាំទ្រពីសាធារណជន ក៏ដូចជាអ្នកចូលចិត្តអានសៀវភៅមានចំនួនច្រើនលើសពីការរំពឹងទុក។

ការលើកឡើងបែបនេះរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលចាប់ផ្តើមពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ នៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដី។ សៀវភៅគ្រប់ប្រភេទប្រមាណកន្លះលានក្បាល ត្រូវបានយកមកដាក់តាំងលក់ក្នុងតម្លៃធូរថ្លៃបំផុត ដែលភាគច្រើនជាប្រភេទភាសាខ្មែរ និងអង់គ្លេស មានដូចជាសៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា,សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទផ្សេងទៀត។

ឯកឧត្តម ខៀវ កាញារីទ្ធ បន្តថា ការទទួលបានភាពជោគជ័យនៃពិព័រណ៍នេះ គឺដោយហេតុថា សៀវភៅដែលយកមកដាកតាំងលក់សុទ្ធសឹងជាប្រភេទសៀវភៅថ្មីៗ ដែលមានស្នាដៃល្អៗ មានគុណភាពខ្ពស់ ហើយជាពិសេសនោះមានតម្លៃទាបជាងទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកការតាំងពិព័រណ៍សៀវភៅ Big Bad Wolf Books នៅកម្ពុជានាពេលនេះ គឺមានសារសំខានណាស់ក្នុងការចូលរួមចំណែកលើកកម្ពស់វប្បធម៌នៃការអាន ហើយនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ដើម្បីទទួលបានបទពិសោធក្នុងការទិញសៀវភៅដែលមានគុណភាពល្អ និងមានតម្លៃមួយដ៏សមរម្យ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់សហស្ថាបនិក Big Bad Wolf Books បន្តរៀបចំការតាំងពិព័រណ៍នេះជារៀងរាល់ឆ្នាំនៅកម្ពុជា និងពិនិត្យលទ្ធភាពពង្រីកកម្មវិធីតាំងពិព័រណ៍នេះនៅតាមបណ្ដាខេត្តនានារបស់កម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក Andrew Yap សហស្ថាបនិក Big Bad Wolf Books បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង១០ឆ្នាំនេះ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅដ៏ធំបែបនេះជាច្រើនលើករួចមកហើយនៅប្រទេសចំនួន១៥ដែលមាននៅ៣៧ទីក្រុង ហើយពិព័រណ៍សៀវភៅនេះក៏បានចាប់បើកជាលើកដំបូងនៅកម្ពុជាកាលពីឆ្នាំ២០២០ក្នុងគោលបំណងកសាងវប្បធម៌នៃការអាននៅកម្ពុជា ដោយនាំមកសៀវភៅជាភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។

លោកសហស្ថាបនិកបន្ថែមថា ពិព័រណ៍នេះនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ដើម្បីទទួលបាននូវបទពិសោធន៍ ក្នុងការទិញសៀវភៅភាសាអង់គ្លេសដែលមានគុណភាពល្អ និង ថ្មីៗ ក្នុងតម្លៃមួយដ៏សមរម្យ។ វាក៏មានសារៈសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយ និង បង្រៀនឱ្យមនុស្សមានទម្លាប់អានតាំងពីក្មេងទើបធ្វើអោយក្មេងៗជំនាន់ក្រោយធំដឹងក្តីពោរពេញដោយចំណេះដឹង។ ពិព័រណ៍សៀវភៅ Big Bad Wolf Book ក៏នឹងចូលរួមជួយសង្គម តាមរយៈការបរិច្ចាគសៀវភៅចំនួន ៣០០ក្បាលទៅកាន់បណ្ណាល័យកំពង់ត្របែកផងដែរ៕

ដោយ៖ ទីណា