រុស្ស៊ីថាមានសេណារីយ៉ូដ៏មានសក្តានុពលតែមួយគត់សម្រាប់ការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
វ៉ាស៊ីនតោន៖ តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបេនហ្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈនេះថ្លែងថា រុស្ស៊ីមានឆន្ទៈតែមួយគត់ ក្នុងការពិភាក្សាស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនបានប្រកាស ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
ក្នុងអំឡុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងចំពេលខួបមួយឆ្នាំនៃការបន្តអរិភាព លោក ណេបេនហ្ស៊ី បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាដោយសន្តិវិធីនៃគោលដៅប្រតិបត្តិការយោធាពិសេស ហើយនឹងមិនពិចារណាលើសេណារីយ៉ូផ្សេងទៀតឡើយ។
លោកថា រុស្ស៊ីមិនដែលមានផែនការណាមួយ ដើម្បីបំផ្លាញអ៊ុយក្រែនជារដ្ឋឯករាជ្យនោះទេ ទោះបីជាមានការទាមទារម្តងហើយម្តងទៀតដោយក្រុមលោកខាងលិចក៏ដោយ។ ការបញ្ឈប់អរិភាពពីសំណាក់ទីក្រុងកៀវ នឹងផ្តល់ឱកាសឱ្យអ៊ុយក្រែនក្លាយជាប្រទេសធម្មតាម្តងទៀត។
ប្រេសិតពិសេសរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើរុស្ស៊ីបញ្ឈប់អរិភាព នោះអ៊ុយក្រែននឹងបន្តការរើសអើង និងការធ្វើទុក្ខបុកម្នេញលើប្រជាជនដែលនិយាយភាសារុស្សី ចំពោះអ្នកដែលមិនចង់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី, ការរំលោភសិទ្ធិ និងសេរីភាព ក៏ដូចជាការលើកតម្កើងឧក្រិដ្ឋជនណាស៊ីនឹងបន្ត។
ទោះបីជាយ៉ាងណា លោក ណេបេនហ្ស៊ី បានព្រមានថា ការគាំទ្រជាបន្តបន្ទាប់ដល់អ៊ុយក្រែនពីសំណាក់លោកខាងលិច និងជាពិសេសសហរដ្ឋអាមេរិក មានតែដុតបញ្ឆេះភ្លើងជម្លោះ និងធ្វើឱ្យប៉ះពាល់ដល់ចំណងមិត្តភាពរបស់ពួកគេជាមួយរុស្ស៊ីបន្ថែមទៀតប៉ុណ្ណោះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា