ឯកឧត្តម ជា សុផារ៉ា ៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋជានិច្ច គ្រប់ពេលវេលាគ្រប់កាលៈទេសៈ
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឧត្តមបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋជានិច្ច គ្រប់ពេលវេលាគ្រប់កាលះទេសះ មិនទុកប្រជាពលរដ្ឋចោលដោយមិនអើពើ រឺគេចវេសរត់ចោលប្រជាពលរដ្ឋហើយសន្សំយកក្តីសុខខ្លួនឯងឡើយ។
ឯកឧត្តម បន្ថែមថា ទោះបីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រឺការបោះឆ្នោតនានាបានបញ្ចប់ហើយក្តីក៏យើងនៅតែខិតខំប្រឹងប្រែងថែរក្សាទំនាក់ទំនង រក្សាឥរិយាបថ រក្សាការសន្យា ការគ្រប់គ្រងនិងការអនុវត្តទៅតាមគោលនយោបាយដែលបានដាក់ចេញ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ។
ការថ្លែងបែបនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកពី៩ភូមិក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានណែនាំដល់មេភូមិ មេឃុំ ជំទប់និងស្មៀន ដែលទទួលបានការទុកចិត្តនិងគាំទ្រក្នុងឃុំជីគរនេះត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរទាំងការផ្តល់សេវាសាធារណៈផ្សេងៗអោយបានឆាប់រហ័ស ការរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីផ្តល់នូវក្តីសង្ឃឹមនិងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំអោយមានបញ្ហាល្អក់កករណាមួយដែលធ្វើអោយប្រជាពលរដ្ឋមិនពេញចិត្តនោះឡើយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីជា ក៏បានថ្លែងអំណរគុណដល់លោកតាលោកយាយ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិឃុំនិងប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានឃុំជីគរដែលបានចូលរួមសហការល្អ ជុំវិញការងារបោះឆ្នោត ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់ក្នុងសហគមន៍បានល្អប្រសើរ ហើយលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលកន្លងមកនេះ ចាត់ទុកថានេះគឺជាការត្រិះរិះពិចារណាក្នុងការសំរេចជ្រើសរើសយកផ្លូវដ៏ល្អត្រឹមត្រូវសំរាប់អនាគតរបស់ប្រជាពលរដ្ឋនិងកូនចៅប្រជាពលរដ្ឋតទៅមុខទៀត ៕
ដោយ ៖ ង៉ាន់ ទិត្យ