សិស្សានុសិស្សមានជីវភាពលំបាកចំនួន១០០នាក់នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព នៃក្រុងព្រះសីហនុទទួលបានអំណោយជាកង់ចំនួន១០០គ្រឿងពីស្ថានទូតចិន តាមរយ:ក្រុមការងារស.ស.យ.ក បម្រើការនៅទីស្តីការគណ:រដ្ឋមន្ត្រី
ព្រះសីហនុ៖ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រីបាននាំយកអំណោយជាកង់ចំនួន ១០០គ្រឿង របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រគល់ដល់សិស្សមានជីវភាពលំបាកចំនួន១០០នាក់ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពិធីប្រគល់-ទទួលកង់ ខាងលើនេះ បានប្រព្រឹត្តទៅក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ សេង សុមេត្តា អនុរដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារ ស.ស.យ.ក. បម្រើការនៅទីស្តីការគណ:រដ្ឋមន្ត្រី ព្រមទាំងក្រុមការងារ លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនu ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
នៅចំពោះមុខសិស្សានុសិស្សដែលមានទឹកមុខរីករាយរង់ចាំទទួលនូវរបស់ដែលពួកគេត្រូវការបំផុតនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានមានប្រសាសន៍ថា អំណោយដែលយកមកប្រគល់ជូននៅពេលនេះ គឺផ្តើមចេញពីការផ្តល់ឱកាសរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់ឯកឧត្តមក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់រយ:ពេលខ្លីនៅប្រទេសចិន កាលពីចុងឆ្នាំ២០២១កន្លងទៅ។ តាមយៈវគ្គសិក្សានេះ ឯកឧត្តមបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីចិន និងស្ថានទូតចិន រហូតទទួលបានអំណោយសម្រាប់យកមកប្រគល់ជូននៅពេលនេះ ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ ដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។
ឯកឧត្តមបានបន្តទៀតថា ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ដើម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ.
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ជាពិសេសអាណាព្យាបាលសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព ឯកឧត្តម តឹករ៉េត សំរេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានទូតចិន ដែលជាម្ចាស់អំណោយ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅទីស្តីការគណ:រដ្ឋមន្ត្រី ដែលបានខិតខំសម្របសម្រួល និងចាត់ចែងបញ្ជូនអំណោយសប្បុរសធម៌នេះ មកចែកជូនដល់ក្មួយៗ សិស្សានុសិស្សដែលមានជីវភាពលំបាកសម្រាប់ជាមធ្យោបាយធ្វើដំណើរទៅសាលារៀន។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់នៃក្រុងព្រះសីហនុ ចំពោះការគាំទ្រដល់វិស័យអប់រំ និងចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលជាកម្លាំងជួរមុខ ក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាពដល់ក្មួយៗសិស្សានុសិស្សឱ្យក្លាយជាសសរទ្រូងយ៉ាងរឹងមាំរបស់ប្រទេសជាតិ៕