ចិន៖ អាមេរិកកំពុងបង្កអសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ ដោយបើក យន្តហោះ ឆ្លងកាត់តំបន់មួយនេះ

ប៉េកាំង៖ ថ្ងៃទី២៧ ខែកុម្ភៈ ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបង្កគ្រោះថ្នាក់ដល់សុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រ តៃវ៉ាន់ បន្ទាប់ពីយន្តហោះយោធាសហរដ្ឋអាមេរិកបានហោះកាត់ផ្លូវទឹក មួយនេះកាលពីថ្ងៃចន្ទ ប៉ុន្តែកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានឆ្លើយតបថា ខ្លួនបានហោះនៅលើដែនអាកាសអន្តរជាតិតែប៉ុណ្ណោះ។
ថ្មីៗនេះ ទីក្រុងប៉េកាំងមានការខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពយោធា របស់សហរដ្ឋអាមេរិកនៅតាមច្រកសមុទ្រតៃវ៉ាន់ដ៏តូចចង្អៀត ដែលក្នុង នោះរួមមាន ការចល័តនាវាចម្បាំង និងមានការបើកយន្តហោះឆ្លងកាត់ម្ដង ម្កាលផងដែរ។ ប្រទេសចិនបានឱ្យដឹងថា ខ្លួនមានអធិបតេយ្យភាព សិទ្ធិ អធិបតេយ្យ និងយុត្តាធិការនៅលើផ្លូវទឹកមួយនេះ ។ប៉ុន្តែតៃវ៉ាន់ និងសហរដ្ឋ អាមេរិកបដិសេធនឹងការលើកឡើងរបស់ចិន ដោយអះអាងថា វាជាផ្លូវទឹក អន្តរជាតិ។
បញ្ជាការដ្ឋានកងពលភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានលើកឡើងថា កងកម្លាំងរបស់ខ្លួនបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅ លើយន្តហោះល្បាតដែនសមុទ្រប្រភេទ P-8A Poseidon និងយន្តហោះឈ្លបយកការណ៍ ដែលត្រូវបានប្រើសម្រាប់បេសកកម្ម ប្រឆាំងនាវាមុជទឹកផងដែរ ខណៈដែលយន្តហោះទាំងពីរបានហោះឆ្លងកាត់ ច្រកសមុទ្ររវាងប្រទេសចិន និងតៃវ៉ាន់។
បញ្ជាការដ្ឋានកងពលភាគខាងកើតបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ៖ «សកម្មភាពរបស់ភាគីសហរដ្ឋអាមេរិកមានចេតនាជ្រៀត ជ្រែក និងរំខានដល់ស្ថានភាពក្នុងតំបន់ និងធ្វើឱ្យមានគ្រោះមហន្តរាយដល់ សុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ យើងប្រឆាំងដាច់ខាតចំពោះសកម្មភាពទាំងនេះ»។
បញ្ជាការដ្ឋានដដែលបានបន្តថា ៖ «កងកម្លាំងរបស់យើងតែងតែមាន ការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ ភាពជាតិ និងបូរណភាពទឹកដី(របស់ចិន)»។
ដោយឡែក កងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានឱ្យដឹងថា យន្តហោះរបស់ខ្លួនបានហោះនៅក្នុងដែនអាកាសអន្តរជាតិ ហើយសហរដ្ឋអាមេរិកនឹងបន្តហោះហើរ និងបើកនាវា ព្រមទាំងចេញប្រតិបត្តិការនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត រួមទាំងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។
កងនាវាចរទី៧ខាងលើបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «តាមរយៈសកម្មភាពប្រតិបត្តិការនៅក្នុងច្រកសមុទ្រតៃវ៉ាន់ដោយអនុលោមតាមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិករក្សាសិទ្ធិនាវាចរណ៍ និងសេរីភាពនៃប្រជាជាតិទាំងអស់។ ការហោះឆ្លងកាត់របស់យន្តហោះ(អាមេរិក)នៅច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
រីឯក្រសួងការពារជាតិតៃវ៉ាន់វិញ បានលើកឡើងថា យន្តហោះ (របស់អាមេរិក) បានហោះនៅក្នុងទិសដៅពីត្បូងទៅជើង ដោយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ក្រសួងបន្តថា កងកម្លាំងរបស់តៃវ៉ាន់ក៏បានតាមដាននូវដំណើររបស់យន្តហោះនេះយ៉ាងយកចិត្តទុកដាក់ផងដែរ ហើយកត់សម្គាល់ថា ស្ថានភាពនៃការហោះហើរនេះគឺជារឿងជាធម្មតានោះទេ ប៉ុន្តែយ៉ាងណា ក្រសួងមិនបានបកស្រាយបញ្ជាក់លម្អិតបន្ថែមនោះទេ។
គួរដឹងដែរថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រទេសចិនតែងតែអះអាងថា តៃវ៉ាន់ដែលជាកោះមានរដ្ឋាភិបាលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅកៀកក្បែរកោះមួយនេះ។ ចិនក៏តែងតែព្យាយាមបង្ខំតៃវ៉ាន់ឱ្យទទួលស្គាល់នូវអធិបតេយ្យភាពរបស់ខ្លួនផងដែរ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលតៃវ៉ាន់បានអះអាងថា មានតែប្រជាជននៅលើកោះនេះផ្ទាល់ទេ ដែលអាចសម្រេចអនាគតរបស់ពួកគេ ហើយតៃវ៉ាន់នឹងមិនចុះចាញ់ជាមួយនឹងការគំរាមកំហែងទាំងអស់នោះឡើយ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកគាំទ្រ និងជាអ្នកលក់គ្រឿងសព្វាវុធដ៏សំខាន់បំផុតទៅឱ្យតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះមួយនេះ គឺធ្វើឱ្យកើតមានភាពតានតឹងឥតឈប់ឈរនៅក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក៕
ដោយ៖ធា សុណា
ប្រភព៖ China says U.S. ‘endangered’ peace with Taiwan Strait fly-through

ads banner