អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ជំងឺផ្តាសាយបក្សី H5N1 មានអត្រាមរណភាព ខ្ពស់ជាងការឆ្លងមេរោគកូវីដ១៩
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យធ្វើការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្តាសាយបក្សី H5N1 ដែលអត្រាមរណភាពរបស់បុគ្គលដែលបាន ឆ្លង ជំងឺនេះពីបសុបក្សី គឺខ្ពស់ជាងការឆ្លងមេរោគកូវីដ១៩។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែកុម្ភៈថា ក្រសួងសុខាភិបាលតែងតែធ្វើការណែនាំជារឿយៗ ជាពិសេសនៅមុនចូលឆ្នាំប្រពៃណីចិននាពេលកន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង ក៏បានចេញ នូវសេចក្តីជូនព័ត៌មាន ណែនាំ និងរំឮកផងដែរពីការការពារពីជំងឺ ផ្តាសាយបក្សីនេះ។
លោកជំទាវបន្តថា ៖ «ឆ្លៀតឱកាសនេះ ខ្ញុំសុំធ្វើការក្រើនរំឮក ជាថ្មី ម្តងទៀតថា សុំបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះជំងឺផ្តាសាយបក្សីH5N1នេះ បើយើងឆ្លងពីសត្វ បសុបក្សី មកខ្លួនយើង អត្រាមរណភាពគឺខ្ពស់ណាស់ខ្ពស់ជាងកូវីដ១៩»។នៅពេលដែលយើងឆ្លងជំងឺផ្តាសាយបក្សីនេះហើយគឺអត្រាស្លាប់ច្រើនមែនទែន។ យើងគិតមើលនៅលើសកលលោក គេនិយាយមានពី ៥០ទៅ៦០ភាគរយហើយដែលអត្រាដោយសារជំងឺផ្តាសាយបក្សីនេះ។ ដូចនេះ សុំឱ្យបងប្អូនមេត្តាប្រុងប្រយ័ត្ន ដោយកុំប៉ះជាមួយ នឹងសត្វបសុបក្សី ដែលមានស្ថានភាពឈឺ ឬងាប់»។
ជាមួយគ្នានេះលោកជំទាវ ឱ វណ្ណឌីន ក៏បានលើកឡើងផងដែរទៅ ដល់ប្រជាពលរដ្ឋមួយចំនួនដែលមានការស្តាយនូវសត្វមាន់ ឬទា ដែលឈឺហើយយកមកធ្វើជាអាហារបរិភោគ ដែលចំណុចនេះ លោកស្រីបានបញ្ជាក់ថា សុំកុំមានការស្តាយ តែត្រូវយកទៅ ដុតឬកប់ចោលនូវសត្វបសុបក្សីដែលឈឺឬងាប់នេះ ដើម្បីចៀស វាងនូវការចម្លងនូវជំងឺផ្សេងៗ។
លោកជំទាវបានបញ្ជាក់ដែរថា ៖ «ការលាងដៃឱ្យបានញឹកញាប់ ជាមួយទឹកស្អាត និងសាប៊ូគឺជារឿងសំខាន់ណាស់ ជាពិសេស មុនពេលបរិភោគអាហារ និងក្រោយបន្ទោបង់ ហើយនឹងក្រោយ ពីការចាប់កាន់បសុបក្សី គឺត្រូវតែលាងដៃភ្លាមៗជាបន្ទាន់។ បើ យើងអនុវត្តបានបែបនេះ ខ្ញុំគិតថាយើងនឹងកាត់បន្ថយជា អតិប្បរមានូវហានិភ័យនៃការចម្លងជំងឺផ្តាសាយបក្សីH5N1បាន»។
សូមរំឮកផងដែរថា កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ ក្រសួង បានរកឃើញមានករណីឆ្លងជំងឺផ្តាសាយបក្សីH5N1 នៅក្នុងខេត្ត ព្រៃវែង ដែលបានបណ្តាលឱ្យកុមារីអាយុ១១ឆ្នាំ ៦ខែ មួយរូបបាន ស្លាប់បាត់បង់ជីវិត ហើយជំងឺនេះបានឆ្លងទៅដល់ឪពុករបស់ ក្មេងស្រីនេះផងដែរ ប៉ុន្តែត្រូវបានដាក់ឱ្យសម្រាកព្យាបាល និងបាន ធ្វើតេស្តអវិជ្ជមានផងដែរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប៉ុន្តែគាត់នៅតែ ស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលរបស់គាត់តាមពិធីការនៃការប្រើប្រាស់ថ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពី ថ្ងៃទី២៤ ខែកុម្ភៈ បានឱ្យដឹងថា កម្ពុជាបានរកឃើញ២ក រណីនៃ ជំងឺ ផ្តាសាយបក្សីH5N1 ក្នុងខែកុម្ភៈ បន្ទាប់ពីមិនបានរក ឃើញវីរុស នេះលើខ្លួនមនុស្សអស់រយៈពេល៩ឆ្នាំកន្លងមកហើយ ដែលករណី ចុងក្រោយនេះជាករណីលើកទី៥៨ ដែលក្នុងនោះមាន៤៥ករណី កើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណី ទាំង៥៨ ជានារី។
បើតាមការថ្លែងប្រាប់របស់លោកជំទាវ ឱ វណ្ណឌីន កាលពីថ្ងៃទី២៧ ខែកុម្ភៈថា ស្ថានភាពជំងឺផ្តាសាយបក្សី H5N1ដែលកើតមាននៅ ភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងស្ថិត ក្រោម ការគ្រប់គ្រងហើយ ដោយរកឃើញមានតែពីរករណីប៉ុណ្ណោះ ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍។
លោកជំទាវថា មិនទាន់មានសញ្ញាណាដែលបង្ហាញថាវាមានការ រាតត្បាត ធំធេងនោះទេ ហើយអ្វីដែលក្រសួងសុខាភិបាល កំពុងរង់ចាំគឺការធ្វើការសន្និដ្ឋានច្បាស់លាស់ពីក្រុមដែលគាត់បានចុះទៅអង្កេត និងស្រាវជ្រាវពីករណីនេះ ប៉ុន្តែមកដល់ពេលនេះ មិនទាន់រកឃើញថាមានការឆ្លងទៅណាទៀតនោះទេ៕
ដោយ៖នាង សុគន្ធា