រយៈពេល ៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិ មួយ ដែលមានលក្ខណៈសកល ពហុប៉ូល

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពិភពលោក បន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយ ដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនង អន្តរជាតិ យ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយ គ្រោះថ្នាក់ ទាំងសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាំងសម្រាប់ពិភពលោក។

ឯកឧត្តមបន្ដថា ការប្រែប្រួលទាំងនេះ បានស្តែងចេញតាមរយៈនៃការ ប្រកួតប្រជែងកាន់តែតានតឹង និងស្មុគ្រស្មាញឡើង និងលើរណសិរ្សកាន់ តែច្រើន រវាងមហាអំណាចធំបំផុតទាំង២ គឺ សហរដ្ឋអាមេរិក និង ចិន។
ការប្រជែងនេះបានបង្កើតឡើងនូវស្ថានភាពដ៏លំបាកសម្រាប់ប្រទេស មធ្យម និងតូច ក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងការប្រកាន់នូវជំហរ របស់ខ្លួន ដើម្បីឆ្លើយតប នឹងការប្រែប្រួលទាំងនោះ និងការពារផល ប្រយោជន៍ ជាតិរៀងៗខ្លួន។ ជាមួយនេះ កត្តាខាងក្រៅជាច្រើនទៀត ក៏ជះឥទ្ធិពលមកលើដំណើរវិវត្តន៍នេះ តួយ៉ាង ផលប៉ះពាល់ធ្ងន់ធ្ងរ និងចំរុះដែលបណ្តាលមកពីជម្ងឺរាលដាលកូវីដ-១៩ ការប្រែប្រួលអាកាស ធាតុ និងបញ្ហាសន្តិសុខមិនប្រពៃណីផ្សេងទៀត។

ឯកឧត្តមសង្កត់ធ្ងន់ថា ភ្នក់នៃភាពតានតឹងដែលមានស្រាប់ ឬកំពុងធ្លាក់ ក្នុងស្ថានភាពធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់ បន្តធ្វើឱ្យសហគមន៍អន្តរជាតិ ខ្វល់ខ្វាយ និងចំណាយធនធាន ពេលវេលាសន្ធឹកសន្ធាប់។ ឯវិបត្តិ និង សង្គ្រាមនៅតំបន់ខ្លះ នាំឱ្យ រង្គោះរង្គើរដល់របៀបរបបសកលលោកផ្អែក លើច្បាប់អន្តរជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ ស្ថេរភាពនៃតំបន់ទាំងនោះ ឬក៏ឆ្ងាយជាងនេះ។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីបាន ក្លាយជា មហាអំណាចសេដ្ឋកិច្ចទី២ នៃពិភពលោកនៅឆ្នាំ២០១៣ ប្រទេសចិន កាន់តែមានទំនុកចិត្តលើសមត្ថភាព អំណាច និង ឥទ្ធិពលរបស់ខ្លួន ក្នុងកិច្ចការតំបន់ និងពិភពលោក ចិនប្រកាស នូវការប្តេជ្ញាចិត្ត យ៉ាង មុតមាំក្នុងការកសាងនូវ «មហាប្រទេស សង្គមនិយមទំនើបលើគ្រប់វិស័យ» តាមលក្ខណៈពិសេសរបស់ចិន ដែល «គ្មាននរណាអាចរារាំងបាន ឡើយ» ហើយ ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅតំបន់ជាច្រើនលើពិភពលោក មានលក្ខណៈទូលាយ និងកើនឡើងជាលំដាប់ ចិនជាដៃគូសំខាន់បំផុតផ្នែក សេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់គ្រប់ប្រទេសនៅអាស៊ី ចិនមានលទ្ធភាព បង្កើត និងអនុវត្តនូវគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់ និងផ្លូវ (BRI) ហើយថ្មីៗនេះ ទៀត កៀរគរ «ក្រុមមិត្ត» នៃ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» (GDI) ក៏ដូចជាបង្កើតនូវ គំនិតផ្តួចផ្តើមសន្តិសុខសកល» (GSI)។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនេះ ចិនក៏ចាប់ដៃរុស្ស៊ី កសាងនូវទំនាក់ទំនងយុទ្ធសាស្ត្រ និងយោធា ដើម្បីឆ្លើយតបទៅនឹងសម្ពាធ និងការប្រឈមដែលចេះតែកើនឡើងជាមួយក្រុមប្រទេសខាងលិច ដែលបង្កឲ្យមាននូវស្ថានភាពមួយស្រដៀងគ្នានឹងសម័យកាលសង្គ្រាមត្រជាក់។ ចិន និងរុស្ស៊ី ក៏ចាប់ដៃគ្នាក្នុងការជំរុញ «ងាកចេញពីប្រព័ន្ធទូទាត់ អន្តរជាតិ ដែលត្រួតត្រាដោយលោកខាងលិច» ដើម្បីកាត់បន្ថយហានិភ័យ នៃការដាកទណ្ឌកម្មនានា ព្រមទាំងបង្កើននូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ផ្នែកបច្ចេកវិទ្យា និងលំហរអ៊ិនធឺណិត៕

ដោយ ៖សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner