សម្តេច អនុប្រធានគណបក្សប្រជាជន បានថ្លែងផ្តាំផ្ញើដល់ សមាជិក-សមាជិកាបក្ស ចំនួន ១១ចំណុចសំខាន់ៗ ដែលត្រូវបន្តអនុវត្ត ដើម្បីឆ្ពោះទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបការងារត្រួតពិនិត្យ គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ ។

ឯកឧត្តម ឯក សំអុល ប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩ មកដល់ពេលនេះ គណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល បានបំពេញភារកិច្ច និងបានប្រារព្ធសន្និបាត ចំនួន៤លើក ក្នុងនោះមាន១លើក នៅឆ្នាំ២០២២ បានប្រារព្ធសន្និបាតតាមប្រព័ន្ធ និមិត្ត zoom និងអាក់ខានមិនបានធ្វើនៅឆ្នាំ២០២១ ដោយបញ្ហាការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តថា សភាពការណ៍ទូទៅរបស់ប្រទេសជាតិ ទើបបានធូរស្បើយពីវិបត្តិនៃការឆ្លងរាល ដាលជំងឺកូវីដ១៩ ប៉ុន្តែយើងកំពុងរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីក្នុងភាព រឹងមាំ និងកំពុងស្ដារឡើងវិញនូវសង្គម សេដ្ឋកិច្ចប្រកបដោយសក្តានុពល រក្សានូវលំនឹងជីវភាព ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព ។

យើងបានទទួលជោគជ័យដ៏ត្រចះត្រចង់ ក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការកណ្តាល បានប្រារព្ធសន្និបាតគណៈកម្មាធិការ កណ្ដាលវិសាមញ្ញបើកទូលាយ កាលពីថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ។

ថ្មីៗនេះ គណបក្សបានប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស បានអនុម័តនូវរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ បានអនុម័តកម្មវិធីនយោបាយរបស់ គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជាឆ្នាំ២០២៣-២០២៨ និងបានធ្វើការ ណែនាំ ស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៧ ឆ្នាំ២០២៣ ។

មហាសន្និបាត បានគាំទ្រពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងផ្តាំផ្ញើដល់ សមាជិក-សមាជិកាដែលបានចូលរួមដូចខាងក្រោម ៖

១. លើកកម្ពស់ស្មារតីគោរព និងអនុវត្តព្រមៗគ្នានូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់គណបក្ស និងគោលការណ៍ ផែនការទាំងឡាយ ដែលគណៈអចិន្ត្រៃយ៍បានដាក់ចេញ ។

២.ប្រមូលកម្លាំងសរុប មធ្យោបាយសរុប អនុវត្តទិសដៅភារកិច្ចឆ្នាំ២០២៣ ដែលមហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស បានដាក់ចេញកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ។

៣.ឆ្លើយតបអនុវត្តព្រមៗគ្នា ផែនការរួមឆ្ពោះទៅដណ្ដើមជ័យជម្នះ ក្នុងការបោះឆ្នោតជាតិ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។

៤.ពង្រឹងការងារត្រួតពិនិត្យគណបក្សគ្រប់ថ្នាក់ បង្កើនសមត្ថភាពជំនាញត្រួតពិនិត្យ តាមរយៈការបើកវគ្គបំប៉ន ទាំងថ្នាក់កណ្តាល ទាំងថ្នាក់ក្រសួង រាជធានី-ខេត្ត ។ ខិតខំបើ ប្រាស់បច្ចេកវិទ្យា អាយធី និងឌីជីថល ក្នុងការងារត្រួតពិនិត្យគណបក្ស ។

៥.គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ត្រូវបន្តការខិតខំបន្ថែមទៀត. ដោយចាត់ទុក ការងារត្រួតពិនិត្យគណបក្ស ជាភារកិច្ចដ៏សំខាន់ ។

៦.គណៈកម្មាធិការត្រួតពិនិត្យថ្នាក់ណា គឺជាជំនួយការរបស់គណៈកម្មាធិការគណ បក្សថ្នាក់នោះ ក្នុងការស្រាវជ្រាវ ទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវរាល់បាតុភាពខុសឆ្គង អសកម្មតិចតួចតូចតាចទាំងឡាយ របស់មន្ត្រី សមាជិកគណបក្ស ដើម្បីបង្កើននូវជំនឿជាក់ របស់ប្រជាជនចំពោះគណបក្ស ។

៧.បន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបន្តសហការល្អជាមួយអង្គការ ចាត់តាំងគណបក្ស ឬស្ថាប័នពាក់ព័ន្ធ ដើម្បីក្តាប់ស្ថានភាពទូទៅទាក់ទង នឹងការប្រព្រឹត្តអំពើពុករលួយ អំពើល្មើសច្បាប់ និង ល្មើសបទបញ្ជារបស់ សម្តេចប្រធានគណបក្ស និងបន្តតាមដានព័ត៌មានបណ្ដាញសង្គម ។ “ត្រួតពិនិត្យដើម្បីពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង” ។

៨.ពង្រឹងតួនាទីរបស់គណៈកម្មាធិការត្រួតពិនិត្យគ្រប់ថ្នាក់ ចូលរួមជួយយោបល់ ដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស លើការងារពិនិត្យវាយតម្លៃរៀបចំមន្ដ្រីឱ្យ ចូលកាន់មុខតំណែងសំខាន់ៗទាំងក្នុងបក្ស និងទាំងក្នុងរដ្ឋ ។

៩.បន្តពិនិត្យតាមដានការអនុវត្តសេចក្ដីសម្រេចលេខ ៣៣៣/០៨២២/សសគក ស្តី ពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣- របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ។

១០.មន្ត្រី សមាជិកគណបក្សត្រូវខិតខំភ្ជាប់តេឡេក្រាម ជាមួយអាក់ខោនតេឡេក្រាមផ្ទាល់របស់ សម្ដេចតេជោ ប្រធានគណបក្ស សម្រាប់ទទួលព័ត៌មាន បទបញ្ជារបស់សម្ដេចបានឆាប់រហ័សបំផុត ។

១១.រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាព ដែលជាកត្តាចម្បងមួយឆ្ពោះទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner