មន្រ្តីជាន់ខ្ពស់ខេត្តកណ្តាល ប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម ជូនរដ្ឋបាលស្រុកពញាឮ

ខេត្តកណ្តាល ៖ ក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២២-២០២១ របស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង១១ ក្នុងស្រុកពញាឮ ខេត្តកណ្ដាលកាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២៣ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរដល់រដ្ឋបាលស្រុកពញាឮ ក៏ដូចជារដ្ឋបាលឃុំមួយចំនួនទៀត ដែលទទួលបានពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិចំណាត់ថ្នាក់ “ផ្កាយ៣” ។

លោក អភិបាលរងខេត្ត បន្តថា ការផ្តល់សេវា រដ្ឋបាល ថ្នាក់ក្រោមជាតិ គឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រ យ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកសេវានេះ ឱ្យបានកាន់តែច្រើននិងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹង តម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័ស ចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ ។

លោក អភិបាលរងខេត្ត បានស្នើដល់លោក លោកស្រី ត្រូវយកចិត្តទុកដាក់ចំពោះការងារសេវាសង្គមនេះ ជាពិសេស គឺការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះតែម្តង ព្រោះជាកញ្ចក់ឆ្លុះបញ្ចាំងពីស្នាដៃ ការខិតខំប្រឹងប្រែងធ្វើការងារ និងជាមុខមាត់របស់យើងដែរ ពិសេសត្រូវរក្សាឱ្យបាននូវចំណាត់ថ្នាក់ ផ្កាយ៣នេះ នៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

លោក បន្ថែមថា ការងារសេវាសង្គម វាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ។ ដោយបញ្ហាសេវាសង្គម មួយចំនួនដែលរួមមាន បញ្ហាសុខភាពមាតា និងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហាអនាម័យ បញ្ហាទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះនានាជាដើម ដែលរដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗ ត្រូវចូលរួមឆ្លើយតប និងដោះស្រាយ ដោយមិនត្រូវពឹងផ្អែកលើរាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ។

នាឱកាសនោះ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងដែរថា រដ្ឋបាលក្រុងស្រុកពញាឮ នៃខេត្តកណ្តាល ទទួលបានពាន ររង្វាន់សេវា សង្គម ចំណាត់ថ្នាក់ផ្កាយ៣ ក្នុងនោះទទួលបានចំនួន ៥ឃុំ មាន ៖ ឃុំកំពង់លួង ឃុំជ្រៃលាស់ ឃុំពញាឮ ឃុំផ្សារដែក និងឃុំព្រែកតាទែន, ចំណាត់ថ្នាក់ផ្កាយ២ ទទួលបានចំនួន ៥ឃុំ មាន ៖ ឃុំឈ្វាំង ឃុំវិហារលួង ឃុំកោះចិន ឃុំភ្នំបាត និងឃុំកំពង់អុស, ចំណាត់ថ្នាក់ផ្កាយ១ ទទួលបានចំនួន ១ឃុំ គឺឃុំទំនប់ធំ, ផ្កាយសូន្យគ្មាន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner