នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ មនុស្ស ៣១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០២ ខែមីនា ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៣១នាក់នេះ ក្នុងនោះ មាន ១៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ០៥ករណី និងជនសង្ស័យ ១៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ០៨ករណី។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ ។

ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” គឺមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជូនមកកាន់សមត្ថកិច្ច៕




ដោយ៖ ឆៃហួត