អភិបាលខេត្តបាត់ដំបង ស្នើឲ្យប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមគិតគូរទាំងអស់គ្នា ក្នុងការថែរក្សាលើកកម្ពស់ អនាម័យ និងបរិស្ថានឱ្យបានល្អដើម្បីឲ្យក្រុង-ខេត្តបាត់ដំបង យើងស្អាត

ខេត្តបាត់ដំបង ៖ នៅក្នុងពិធីរៀបចំដង្ហែ ពានជ័យលាភី និងអបអរសាទរ ការទទួលបានពានរង្វាន់ជ័យលាភី”ទីក្រុងស្អាតផ្ការំដួល៣ទងលើកទី៣” និង”ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២” អមជាមួយទិវាជាតិទីក្រុងស្អាតលើកទី១១ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ» នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ ជ័យលាភី ដែលខេត្តយើងទទួលបានថ្ងៃនេះ គឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

ឯកឧត្តម បន្តថា ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់បណ្តាស្ថាប័នមន្ទីរអង្គភាព លោកគ្រូ-អ្នកគ្រូសិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋគ្រប៎មជ្ឈដ្ឋានក្នុងខេត្ត ដែលបានចូលរួមយ៉ាងសកម្មជាមួយនិងអាជ្ញាខេត្តនិងមូលដ្ឋានផ្ទាល់ បានធ្វើឲ្យខេត្តយើង ក្រុងយើង ទទួលបាននូវពានជ័យលាភីក្នុងការប្រកួតប្រជែង រហូតសម្រេចបានជោគជ័យដ៏ត្រចះត្រចង់និងជាមោទនៈភាពសម្រាប់យើងទាំងអស់គ្នា នៅពេលនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យប្រជាពលរដ្ឋទូទាំងខេត្ត បន្តការចូលរួម រួមគ្នាគិតរួមគ្នាធ្វើ ឲ្យបានព្រមៗគ្នាទាំងអស់គ្នា ក្នុងការថែរក្សាការលើកកម្ពស់អនាម័យនិងបរិស្ថានឱ្យបានល្អ ដើម្បីឲ្យទីក្រុង-ខេត្តបាត់ដំបង យើងស្អាតជាទីក្រុងបៃតងដើម្បីប្រែក្លាយជាទីក្រុងឆ្លាតវៃ Smart-City នៅថ្ងៃអនាគត។ ជាពិសេស ខិតខំបន្តថែរក្សាជ័យលាភីទាំងអស់នេះ សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

ឯកឧត្តម សុខ លូ បន្តទៀតថា ៖ ចំពោះមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានខិតខំដោះស្រាយបញ្ហាសំរាម អនាម័យ បរិស្ថាន តាមរយ:ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឺកកខ្វក់ក្នុងក្រុងនិងសណ្ដាប់ធ្នាប់សាធារណៈ ការរំដោះសំណង់មិនរៀបរយចេញពីទីក្រុង ការសាងសង់ វិមានឯករាជ្យ ការរៀបចំសួនច្បារ កែលម្អនូវទីតាំងផ្សាររាត្រីការជួសជុលកែលម្អ ច្រាំងស្ទឹងសង្កែ ការសាងសង់ផ្លូវឡើងវិញជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ សោភ័ណភាព អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងទីក្រុងបាត់ដំបង ឱ្យកាន់តែប្រសើរឡើង ក្រោយពីបញ្ចប់ការសាងសង់រួចរាល់។

ឯកឧត្តម បានសំណូមពរដល់មន្រ្តីរាជការ អាជ្ញាធរ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគិតគូរដល់ការថែរក្សាអនាម័យនិងបរិស្ថានឱ្យបានល្អដើម្បីធ្វើឱ្យក្រុងបាត់ដំបង នៅតែបន្តរក្សាបានភាពខ្លាំងនិងទទួលបាននូវពានរង្វាន់ជ័យលាភី “ជាទីក្រុងស្អាតផ្ការំដួល៣ទង នៅឆ្នាំ២០២៥ ខាងមុខទៀត ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner