រដ្ឋមន្ត្រីចិននិងឥណ្ឌាពិភាក្សាពីសន្តិភាពព្រំដែននៅក្នុងកិច្ចប្រជុំ G20

ញូវដែលី: នៅក្នុងកិច្ចប្រជុំ G20 នៅក្នុងទីក្រុងញូវដេលី កាលពីថ្ងៃព្រហស្បតិ៏នេះ រដ្ឋមន្ត្រីបរទេសឥណ្ឌា និងចិនបានលើកឡើងពីការ រួបរួមគ្នាបញ្ឈប់ទំនាក់ទំនងដែលមានភាពតានតឹងនៅតាមព្រំដែនចាប់តាំងពីឆ្នាំ ២០២០មក។

តាមរយៈកិច្ចពិភាក្សាជាមួយសមភាគីចិន លោក Qin Gang និងរដ្ឋមន្ត្រីការប្រទេសឥណ្ឌាលោក Subrahmanyam Jaishankar បានសង្កត់ធ្ងន់ទៅលើដំណោះស្រាយបញ្ហាដែលប្រទេសទាំងពីរកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន ដែលទាក់ទងទៅនិងសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែនជាដើម។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៏នេះ លោក Jaishankar ក៏បាននិយាយបន្ថែមនៅក្នុងសារព័ត៌មានមួយផងដែរថា ៖« មានបញ្ហាពិតប្រាកដណាស់នៅក្នុងទំនាក់ទំនងយើងដែលចាំបាច់ត្រូវរកដំណោះស្រាយ ហើយត្រូវពិភាក្សាដោយបើកចំហ និងស្មោះត្រង់រវាងពួកយើង នោះហើយជាអ្វីដែលយើងព្យាយាមធ្វើនៅថ្ងៃនេះ»។

កិច្ចពិភាក្សា នេះធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយថា ប្រទេសចិននឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឥណ្ឌា។ លោក ស្រី ក៏បានបន្តទៀតថា៖ « ការ រក្សា ចំណង មិត្តភាព ល្អ រវាង ប្រទេស ជិត ខាង ទាំង ពីរ គឺ ជា មូលដ្ឋាន សម្រាប់ ផលប្រយោជន៍ របស់ ពួកគេ»។
គួរបញ្ជាក់ផងដែរថា ឥណ្ឌា និង ចិន បាន ធ្វើ សង្គ្រាម តាមច្រកព្រំដែនកាលពីឆ្នាំ ១៩៦២ មក ហើយត្រូវបានរលុបវិញក្រោយការគូសបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ។ ប៉ុន្តែថ្មីៗនេះ ទំនាក់ទំនងរវាងទីក្រុង ញូវដេលី និងទីក្រុងប៉េកាំងបានធ្លាក់ចុះ នៅពេលដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីខែឧសភា ឆ្នាំ ២០២០ កន្លងទៅរវាងទាហានឥណ្ឌា និងចិននៅតាមព្រំដែនដីគោករបស់ពួកគេនៅក្នុងតំបន់ Ladakh ។ ជាលទ្ធផល ទាហានឥណ្ឌា ២០ នាក់ និងចិន ៤ នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នានេះ។
លើសពីនេះទៅទៀត ភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមក ក្រោមមូលហេតុឈ្លានពានឆ្លងកាត់ព្រំដែន ដែលជាក់ស្តែងតំបន់នេះត្រូវបានគេស្គាល់ថាជាបន្ទាត់នៃការគ្រប់គ្រងរវាងប្រទេសទាំងពីរ។ ក្នុងនោះផងដែរបឹង Pangong ដែលស្ថិតនៅកម្ពស់ ៤២៧០ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រនៅ Ladakh គឺជាចំណុចមួយមួយដ៏សំខាន់ក្នុងការបំភ្លឺរវាងព្រំដែនប្រទេសទាំងពីរនេះ ។

មិត្តភាពរវាងប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំងចាត់តាំងពីពេលនោះមក បើទោះបីជាមានការចរចាចំនួន ១៧ លើករវាងមេបញ្ជាការយោធាឥណ្ឌា និងចិនក៏ដោយ។
ចាប់តាំងពេលនោះមកប្រទេសចិនបានសាងសង់រចនាសម្ព័ន្ធការពារអាកាសធាតុដ៏ធំ នៅតាមខ្សែបន្ទាត់គ្រប់គ្រងព្រំដែន នៅភាគខាងកើត Ladakh ដែលជាបន្ទាយសម្រាប់កងទ័ពរបស់ពួកគេស្នាក់នៅក្នុងរដូវរងារ។ ក្នុងនោះរួមមាន ឧទ្ធម្ភាគចក្រថ្មី ការពង្រីកផ្លូវអាកាស ទីតាំងមីស៊ីលពីដីទៅអាកាសថ្មី និងទីតាំងរ៉ាដា។
កាលពីខែកុម្ភៈឆ្នាំមុន ឥណ្ឌា និងចិនបានដកទ័ពចេញពីទីតាំងមួយចំនួននៅលើច្រាំងខាងជើង និងខាងត្បូងនៃបឹង Pangong នៅ Gogra និងជ្រលង Galwan ក្នុង Ladakh ។ ទោះជាយ៉ាង ណា ក៏ ដោយ ភាគី ទាំង ពីរ ក៏នៅតែបន្ត រក្សា កម្លាំង របស់ខ្លួននៅក្នុង តំបន់ដដែលផងដែរ។ ហើយ សព្វថ្ងៃនេះ ប្រទេសចិនកំពុងកាន់កាប់ ទឹកដីជាង ៣៨០០០ គីឡូម៉ែត្រការ៉េ នៃតំបន់ខ្ពង់រាប Aksai Chin ដែលឥណ្ឌាចាត់ទុកថាជាផ្នែកមួយនៃ Ladakh ៕
ដោយ:ឡេងអារីតា

ads banner