ក្រុមហ៊ុនឡាវដ៏ធំមួយ ចាប់អារម្មណ៍ខ្លាំងលើគោលដៅទេសចរណ៍នៅតំបន់សមុទ្ររបស់កម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ:
កម្ពុជារកបានដៃគូដ៏ធំក្នុងការទាក់ទាញទេសចរឡាវនិងចិន ដោយក្រុមហ៊ុនធំមួយនៅប្រទេសឡាវបានប្ដេជ្ញាចំពោះភាគីកម្ពុជាថា នឹងមកវិនិយោគបង្កើតផលិតផលទេសចរណ៍ ផ្សព្វផ្សាយពីទេសចរណ៍នៅកម្ពុជា ជំរុញការហោះហើរត្រង់បន្ថែមពីឡាវមកកម្ពុជា ពិសេសនៅតំបន់សមុទ្រកម្ពុជា ដើម្បីទាក់ទាញទេសចរឡាវ និងទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាឯកឧត្តម ថោង ខុន កាលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ លោក វ៉ី ឈានជាំង (Wei Qianjiang)ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd បានសន្យាថា លោកនឹងរៀបចំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសឡាវឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពជាងនេះ ដើម្បីទាក់ទាញទេសចរឡាវ និងទេសចរចិនផងដែរ។
លោកបានបញ្ជាក់ថា៖«ក្រុមហ៊ុន Alpha Data Technology Lao Sole របស់លោកគ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចទាក់ទាញទេសចរទាំងក្នុងនិងក្រៅស្រុក។ ហើយក្រុមហ៊ុនរបស់ឡាវមួយនេះ គឺប្រតិបត្តិការលើការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសឡាវ និងវិនិយោគលើវិស័យអចលនវត្ថុ ហើយពិសេសទៀតនោះក៏ជាក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ធំមួយផងដែរ»។
ឆ្លើយតបនឹងសំណើររបស់ភាគីកម្ពុជា លោក វ៉ី ឈានជាំង សន្យាថានឹងជួយជំរុញឱ្យមានការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។
នាឱកាសនោះ ឯកឧត្តម ថោង ខុន បានរំឭកពីជំនួបរវាងនាយករដ្ឋមន្រ្តីឡាវ និងសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាជាគោលដៅទេសចរណ៍ ដែលអាចទាក់ទាញទេសចរឡាវ និងទេសចរចិនដែលមកតាមរថភ្លើងពីប្រទេសចិន។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំនៅប្រទេសឡាវ ធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយ និងសហការជាមួយផ្នែកឯកជនដើម្បរៀបចំលក់កញ្ចប់ទស្សនកិច្ចសម្រាប់ទេសចរឡាវ និងទេសចរចិនមកទស្សនារាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់សមុទ្រដែលអាចទាក់ទាញទេសចរឡាវច្រើន ព្រោះប្រទេសឡាវពុំមានសមុទ្រនោះទេ។

ឯកឧត្តមបានបន្ថែមទៀតថា នៅថ្ងៃទី១២-១៥ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ លោកនឹងដឹកនាំប្រតិភូ និងក្រុមហ៊ុនឯកជនចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តី ថ្នាក់អគ្គនាយ និងផ្នែកឯកជននៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហការផ្សព្វផ្សាយ និងជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ។ លោកថែមទាំងបានស្នើឱ្យលោក វ៉ី ឈានជាំង ចូលរួមកិច្ចប្រជុំផ្នែកឯកជននាពេលនោះដែរ។ តាមរយៈកិច្ចប្រជុំនេះកម្ពុជារំពឹងថានឹងទទួលបានទេសចរឡាវនិងទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត៕
ដោយ: វណ្ណ សុជាតា

ads banner