វគ្គហ្វឹកហ្វឺនក្បាច់គុណដល់នាយ នាយទាហានរងនិងពលទាហាននៅទីបញ្ជាការកងពលតូចថ្មើជើងលេខ៥១ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនក្បាច់គុណដល់នាយ នាយទាហានរង និងពលទាហាននៅទីបញ្ជាការកងពលតូចថ្មើរជើង លេខ៥១ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ លោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាទី៥ ថ្លែងថា ៖ ការបើកវគ្គហ្វឹកហ្វឺនក្បាច់គុណដល់នាយ នាយទាហានរង និងពលទាហាន ទាំងយុទ្ធវិធីការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងក្បាច់ប្រយុទ្ធតទល់ខ្មាំងសត្រូវ គឺដើម្បីពង្រឹងនូវសមត្ថភាពដល់កងទ័ព លើប្រៀបក្នុងការការពារជាតិ ។

លោកឧត្តមសេនីយ៍ ទោ សេង ធារិន បន្តថា ៖ ក្នុងវគ្គហ្វឹកហ្វឺននេះក៏មានហ្វឹកហាត់ជំនាញក្បាច់គុណល្បុក្កតោ ជូនដល់កងយោធ
ពលខេមរភូមិន្ទយើងបន្ថែមទៀត ព្រោះវាមានសារៈសំខាន់ ចាំបាច់សម្រាប់កងទ័ពក្នុងស្ថានភាពប្រយុទ្ធតទល់ចំពោះមុខសត្រូវ។

លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានផ្ដាំផ្ញើ ដល់កងកម្លាំងជាសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺននេះ ត្រូវខិតខំហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន នៅពេលវិលត្រឡប់ទៅកាន់អង្គភាពដើមរបស់ខ្លួនវិញ ត្រូវគោរពវិន័យនិងខិតខំហ្វឹកហាត់យុទ្ធវិធីនិងក្បាច់គុណបន្ថែមទៀត ព្រោះវាមិនត្រឹមជួយសុខុមាលភាពនោះទេ តែវាបានផ្តល់នូវមេរៀនបទពិសោធន៍ជំនាញ លើប្រៀបការពារជាតិ ការពារសន្តិសុខព្រំដែន ។

ក្នុងពេលនេះដែរ លោកអភិបាលរងខេត្តក៏បាននាំយកនូវអំណោយរបស់ ឯកឧត្តមអភិបាលខេត្ត មានគ្រឿងបរិភោគ បរិភោគ ទឹកសុទ្ធ ភេសជ្ជៈ ជួយឧបត្ថម្ភក៍ដល់វគ្គហ្វឹកហ្វឺនផងដែរ ៕ ដោយ គៀន ច័ន្ទហ៊ីន

