ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភាកោតសរសើរសម្តេចតេជោ ហ៊ុន សែន ពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានរឹងមាំ

ភ្នំពេញ៖ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា បានគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានរឹងមាំ ការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩បានល្អ ការសម្រេចបានកំណើនសេដ្ឋកិច្ចឡើងវិញក្នុងអំឡុង និងក្រោយពីវិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងការជួយប្រជាជនឱ្យរក្សាបានលំនឹងជីវភាព ជោគជ័យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ការអភិវឌ្ឍគោលនយោបាយបរទេសឯករាជ្យដោយផ្អែកលើច្បាប់ ដែលបានធានានូវផលប្រយោជន៍ សារវន្តរបស់កម្ពុជា និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ។ ព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋានដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន។

នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៩ និងលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដែលបានអានសម័យប្រជុំលើកទី១០ នីតិកាលទី៤ កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

របាយការណ៍បានបន្តថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាបីខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពនៅមូលដ្ឋានតាមរយៈការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។ គណៈកម្មការទាំង១០ និងក្រុមនានា ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារតាមវិស័យ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតួអង្គសំខាន់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner