ព្រឹទ្ធសភាអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រចំនួន៥៩សំឡេង
ភ្នំពេញ៖ ព្រឹទ្ធសភា បានពិនិត្យនិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា ដោយមានសំឡេងគាំទ្រចំនួន៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការអនុម័តនេះ ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

សមាជិកព្រឹទ្ធសភាហត្ថលេខីចំនួន២១រូប បានស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រង់ប្រការ២ ប្រការ៧ ប្រការ៨ ប្រការ២៩ ប្រការ៣៩ ប្រការ៤២ ប្រការ៥៧ ប្រការ៦០ ប្រការ៧២ និងប្រការ៨៤ ហើយសេចក្តីស្នើនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចតទៅ៖
១-បង្កើតឱ្យមាននីតិវិធីអនុវត្តជាក់លាក់ សម្រាប់ធានានូវការប្រព្រឹត្តទៅដោយរលូនក្នុងដំណើរការសម័យប្រជុំដំបូង នៃនីតិកាលនីមួយៗ របស់ព្រឹទ្ធសភា ស្របតាមស្មារតីមាត្រា ១០៦ ថ្មី (ពីរ) មាត្រា ១០៩ថ្មី និងមាត្រ ១១៤ថ្មី (មួយ)នៃរដ្ឋធម្មនុញ្ញ និងសង្គតិភាពទៅនឹងការអនុវត្តរបស់រដ្ឋសភា។
២-អនុញ្ញាតឱ្យដំណើរការសម័យប្រជុំព្រឹទ្ធសភា អាចធ្វើទៅតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមស្មារតីមាត្រា ១០៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ប្រការ៦១ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងការអនុវត្តជាក់ស្តែងក្នុងបរិបទកូវីដ-១៩។
៣-ធានាឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការទំនាក់ទំនងការងាររបស់ព្រឹទ្ធសភាជាមួយនឹងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍនានា ព្រមទាំងបំពេញការងារការទូតសភាឱ្យកាន់តែមានប្រសិទ្ធភាព និងសង្គតិភាពទៅនឹងការអនុវត្តរបស់រដ្ឋសភា។

ជារួមការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា រៀបចំឡើងដើម្បីកែសម្រួលបំពេញបន្ថែមនូវខ្លឹមសារ ដើម្បីឱ្យមានសង្គតិភាពទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ បរិបទនៃការវិវឌ្ឍថ្មី និងការអនុវត្តរដ្ឋសភា ព្រមទាំងស្របទៅនឹងស្ថានភាពនៃការអនុវត្តជាក់ស្តែងក្នុងការធានាបាននូវនិរន្តរភាព និងកិច្ចដំណើរការជាប្រក្រតីរបស់ព្រឹទ្ធសភា។ តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី អញ្ជើញមកការពារសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា ដោយមានសំឡេងគាំទ្រចំនួន៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា
