ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន កងកំលាំង ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ នៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិ ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន ចែកជូនគ្រួសារកងទ័ព នគរបាលឈរជើង អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ នៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកចន្ទ្រា ខេត្តស្វាយរៀង។
យោងតាមរបាយការណ៍បានឱ្យដឹងថា គម្រោងថ្មីដែលខេត្តស្វាយរៀងទើបទទួលបានតាមរយៈលិខិតសជណ លេខ១៩៥ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់ដីតាមបណ្ដោយព្រំដែន បន្ទាប់ពីបានបោះបង្គោលខណ្ឌសីមាព្រំដែន រវាងខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខេត្តឡុងអាន និងខេត្តតៃនិញ នៃប្រទេសវៀតណាម ដែលមានផ្ទៃដីសរុប៦៥៣ ហិកតា២៥អា សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនគ្រួសារកងទ័ព នគរបាលជាតិ ឈរជើងតាមបណ្ដោយព្រំដែន កម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ ។

ក្នុងជំហានទីមួយនេះ រដ្ឋបាលខេត្តស្វាយរៀង បានកំណត់យកផ្ទៃដីទំហំ ៣០០ហិកតា ៨អា ដើម្បីអនុវត្តនៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ដោយបែងចែកជាតំបន់លំនៅឋាននៅចន្លោះបង្គោលព្រំដែនលេខ ២០០ ចាប់ពីចំណុចស្រុកចន្ទ្រា រហូតដល់បង្គោលព្រំដែនលេខ ២០២/២ ក្នុងនោះបានបែងចែកដីឡូលំនៅដ្ឋាន ជូនប្រជាពលរដ្ឋបានចំនួន ១២៣៦ឡូ និងបែងចែកជាហេដ្ឋារចនាសម្ព័ន្ធ បម្រើឲ្យតំបន់រដ្ឋបាលសាធារណៈ ដូចជា ផ្សារ សាលារៀន វត្តអារាម ដីរួមភូមិ ប៉ុស្តិ៍ការពារព្រំដែនទាំងខាងកងទ័ពនិងនគរបាលជាតិ ក្នុងនោះក៏មានរៀបចំដីសមាគមនារីចំនួន ៣ហិកតា និងដីផ្សារចំនួន៣ ហិកតា ២៩អា និងមានរៀបចំជាសួនសាធារណៈបង្កើនភាពបៃតង និងដីការិយាល័យទី ២ កងទ័ពជើងគោក៥ហិកតា។ សម្រាប់ដីលំនៅឋានជូនប្រជាពលរដ្ឋរស់នៅក្នុងមួយគ្រួសារគឺមានទំហំ ៣០ម៉ែត្រគុណនឹង ៤០ម៉ែត្រ ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដោយយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីឲ្យយើងបានរៀបចំទីតាំងនេះសម្រាប់ធ្វើជាលំនៅឋាន របស់កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋក្រីក្រទូទៅ ដោយនៅក្នុងទីតាំងទាំងពីរនេះ បានទទួលការគាំទ្រពីរាជរដ្ឋាភិបាល នូវលំនៅដ្ឋានចំនួន ១០០ខ្នង ក្នុងនោះលំនៅឋាន ៥០ខ្នង នៅក្នុងស្រុកចន្ទ្រានិង៥០ ខ្នងទៀតនៅស្រុកកំពង់រោទិ៍។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរុញដល់គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ មកពីអន្តរក្រសួងក្នុងនោះមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថាប័ន CMAC រដ្ឋបាលខេត្តស្វាយរៀង ត្រូវមានភារកិច្ច អនុវត្តន៍ការងារអោយបានល្អប្រសើរ មានដូចជា៖ ការស្ថាបនាផ្លូវចូលទៅក្នុងភូមិ ដែលត្រូវអនុវត្តគម្រោងសាងសង់លំនៅឋាននេះ ហើយក៏ត្រូវអមជាមួយនឹងការដាំដើមឈើ នៅតាមដងផ្លូវ ជីកអណ្ដូងទឹកស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ការដាំឈើសម្រាប់ដាំដុះបង្កើតជាម្លប់ សម្រាប់ជ្រកកោនដល់ប្រជាពលរដ្ឋ បង្កើនភាពបៃតងក្នុងមូលដ្ឋាន ការគាំទ្រចំពោះបណ្ណក្រីក្រ១ និងបណ្ណក្រីក្រ២ ស្របតាមជំនាញរបស់ក្រសួង និងធ្វើការបោសសំអាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជៀសវាងកិច្ចការដែលបានអនុវត្តហើយ មានការខ្វះចន្លោះ ។

ក្នុងនោះដែរ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញឲ្យឱ្យមានផែនការគាំទ្រដល់ការរៀបចំសាងសង់លំនៅឋាន ក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទ៍ រៀបចំដើម្បីធ្វើការសិក្សាតំបន់នេះ ទៅលើការរៀបចំសិក្សាប្លង់គោលប្រើប្រាស់ដី គួបផ្សំជាមួយនឹងដំណើរការតែម្ដង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ផែនការប្រើប្រាស់ដីនៅតំបន់នេះ ដើម្បីបែងចែកឲ្យបានច្បាស់លាស់ ចំពោះដីលំនៅឋាន និងដីស្រែឲ្យបានរួចជាស្រេច ជៀសវាងនូវការអភិវឌ្ឍន៍ដែលមិនចំទិសដៅ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអភិបាលខេត្តស្វាយរៀង ដើម្បីរៀបចំតំបន់នេះ ឲ្យក្លាយទៅជាតំបន់មានសក្តានុពល មានការអភិវឌ្ឍនិងលើកស្ទួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដូចជាការគៀងគរសប្បុរសជនឲ្យជួយសាងសង់ព្រះវិហារ ឧបដ្ឋានសាលាក្នុងវត្តអារាម ដោយមិនត្រូវឱ្យមានការកែប្រែរចនាបថនោះទេ សម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា ក្នុងមូលដ្ឋាននេះ។ ក្រៅពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ជួយសម្របសម្រួលរៀបចំក្នុងការសាងសង់ផ្សារ នៅលើផ្ទៃដីប្រមាណ ៣ហិកតា ដោយមិនត្រូវឱ្យមានការកែប្រែរចនាបថនោះទេ៕


ដោយ ង៉ាន់ ទិត្យ