ឥណ្ឌានាំចូលប្រេងពីរុស្ស៊ីកើនឡើងក្នុងកំណត់ត្រាខ្ពស់បំផុត

ញូវដែលី៖ ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌា ដែលជាអ្នកនាំចូលប្រេងឆៅធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក បានកើនឡើងដល់កំណត់ត្រា ១.៦២លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមសារព័ត៌មានហិណ្ឌូរបស់ឥណ្ឌា ស្រង់សម្តីស្ថាប័នតាមដានទំនិញ Vortex ចេញផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣។

តួលេខនេះបានបង្ហាញថា រុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំបំផុតរបស់ឥណ្ឌាក្នុងរយៈពេល៥ខែជាប់គ្នា។ យោងតាមរបាយការណ៍នេះ ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ឥណ្ឌា បានកើនឡើង ២៨ភាគរយពីមួយខែទៅមួយខែ ហើយលើសពីការចែកចាយរួមគ្នាមកពីប្រទេសអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយ។

ឥឡូវនេះ រុស្ស៊ីបានផ្គត់ផ្គង់ ៣៥ភាគរយនៃការនាំចូលប្រេងទាំងអស់របស់ឥណ្ឌា ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំណែករបស់ខ្លួនតិចជាង ១ភាគរយនៃទីផ្សារថាមពលរបស់ឥណ្ឌាក្នុងឆ្នាំ២០២១។ ឥណ្ឌាបានចាប់ផ្តើមជំរុញការទិញប្រេងឆៅពីរុស្ស៊ីភ្លាមៗ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសសរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ។

ការរឹតបន្តឹងនេះបានធ្វើឱ្យរុស្ស៊ីបាត់បង់អ្នកទិញប្រេងប្រពៃណីរបស់ខ្លួនពីលោកខាងលិច ហើយបានបង្ខំទីក្រុងមូស្គូឱ្យស្វែងរកទីផ្សារជំនួសសម្រាប់ថាមពលរបស់ខ្លួន ដោយការណែនាំការបញ្ចុះតម្លៃ។ ឥណ្ឌាបានរក្សាការទិញប្រេងពីរុស្ស៊ី បើទោះជាមានការអំពាវនាវពីលោកខាងលិចឲ្យបញ្ឈប់ការនាំចូលក៏ដោយ។ ឥណ្ឌាបានសង្កត់ធ្ងន់ថា សន្តិសុខថាមពល គឺជាអាទិភាពកំពូល ហើយខ្លួននឹងបន្តធ្វើការជ្រើសរើសដោយខ្លួនឯងលើអ្នកផ្គត់ផ្គង់៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner