រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ ដើម្បីសិទ្ធិស្មើភាពសេដ្ឋកិច្ច-នយោបាយ ក្នុងសង្គម ត្រូវផ្តល់ឱកាសអប់រំរៀនសូត្រពេញលេញ ដល់ស្ត្រីតាំងពីកុមារភាព

ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បី កិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដែលមានថ្នាក់ ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ចូលរួមប្រមាណជាង ៣០០នាក់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែង ថា៖ “ដើម្បីសិទ្ធិស្មើភាពសេដ្ឋកិច្ច-នយោបាយក្នុងសង្គម ត្រូវផ្តល់ឱកាស អប់រំរៀនសូត្រពេញលេញដល់ស្ត្រីតាំងពីកុមារភាព” ។

ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកថា ឆ្នាំនេះយើងអាចជួបជុំគ្នាដោយផ្ទាល់ដើម្បី រៀបចំ យុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ឡើងវិញបាន អាស្រ័យដោយ មគ្គុទេ្ទសក៍ភាពដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំចលនាជាតិ ប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ច និងសង្គមជាតិត្រឡប់មកកាន់ ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។ ឯកឧត្តមបន្តថា ការរៀបចំទិវា អន្តរជាតិ នារីនេះ គឺធ្វើឡើងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល ការប្តេជ្ញាចិត្ត ដើម្បីដោះស្រាយ បញ្ហាប្រឈម និងចាត់វិធានការជាវិជ្ជមាននានា ក្នុងការសម្រេចឱ្យបាននូវ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។

ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានបង្ហាញជំនឿយ៉ាងមុតមាំថាក្នុងយុគ សម័យ ឌីជីថល ស្ត្រីនឹងមានកាលានុវត្តភាព ក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញរឹង និងទន់ ប្រកបដោយគុណភាព និងគុណវុឌ្ឍិ ដើម្បីលើកកម្ពស់ តួនាទី និងសិទ្ធិស្មើភាពរបស់ស្រ្តីខាងសេដ្ឋកិច្ច និងខាងនយោបាយនៅក្នុង សង្គមជាតិ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងជំរុញលើកទឹកចិត្តឱ្យស្រ្តីទាំងអស់ត្រូវប្រឹង ប្រែង លើកកម្ពស់គុណាធិបតេយ្យ ដើម្បីពង្រឹងសមត្ថភាព និងគុណវុឌ្ឍិរបស់ខ្លួន ព្រោះថាក្រៅពីឱកាសដែលសង្គម សហគមន៍ គ្រួសារ បុរសផ្តល់ឱ្យ គឺស្រ្តីខ្លួន ឯងត្រូវពុះពារបង្កឱកាសដោយខ្លួនឯង ដើម្បីសមភាព សមធម៌ នៃសិទ្ធិ សេរីភាព របស់ស្ត្រី៕
ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner