ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បង្កើនសន្ទុះវាយលុកទីផ្សារផលិតផលថែរក្សាសម្រស់ និងអាហារបំប៉នសារាយសមុទ្រធម្មជាតិនៅកម្ពុជា
ភ្នំពេញ៖ និន្នាការប្រើប្រាស់ផលិតផលថែរក្សាសុខភាព និងសម្រស់កំពុងពេញនិយមនៅកម្ពុជា។ ឆ្លើយតបនឹងបរិបទនេះ ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បានប្រកាសចាប់ដៃគូសហការជាមួយម្ចាស់ហាង Queen of the woman ដើម្បីវាយលុកទីផ្សារផលិតផលថែរក្សាសម្រស់ ព្រមជាមួយការជ្រើសរើសតារាកម្លែងតាមបណ្តាញសង្គម ពូ ណុយ ជាទូតសុឆន្ទៈអាហារបំប៉នសារាយសមុទ្រធម្មជាតិ។
លោកជំទាវ សុខ រស្មី អគ្គនាយិការក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បានថ្លែងក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ថា ការណ៍ដែលក្រុមហ៊ុនលោកជំទាវចាប់ដៃគូអាជីវកម្មជាមួយលោកស្រី ចារ៉ានីត ម្ចាស់ហាង Queen of the woman គឺដោយសារតែការជឿជាក់ និងមានទំនុកចិត្តខ្ពស់លើបទពិសោធន៍លក់របស់ម្ចាស់ហាងនេះជាង១០ឆ្នាំ ក្នុងការលក់ផលិតផល Skincare សម្លៀកបំពាក់ និងផលិតផលល្បីៗដទៃទៀត (Worldwide) ដែលភាគច្រើនជ្រើសរើសលក់តែផលិតផលសុទ្ធ និងមានគុណភាពល្អ។
លោកស្រី ចារ៉ានីត ម្ចាស់ហាង Queen of the woman បានបញ្ជាក់ថា ការចាប់ដៃគូសហការគ្នានាពេលនេះ អាចកើតឡើងទៅបាន ក៏ដោយសារតែការជឿជាក់ និងមានទំនុកចិត្តលើគ្នាទៅវិញទៅមក ជាពិសេសទៅលើគុណភាពផលិតផលដែលមានស្តង់ដារបស់ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស។ ចំណែកលោកជំទាវ សុខ រស្មី បានបន្ថែមថា ការណ៍ដែលលោកជំទាវជ្រើសរើសយកពូ ណុយ ជាទូតសុឆន្ទៈអាហារបំប៉នសារាយសមុទ្រធម្មជាតិ គឺដោយសារតែតារាកម្លែងតាមបណ្តាញសង្គមរូបនេះ ជាមនុស្សមានការខិតខំប្រឹងប្រែងតស៊ូខ្លាំងក្នុងឆាកជីវិត ជាពិសេសគាត់កំពុងទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលនេះជាឱកាសដើម្បីជំរុញផ្សព្វផ្សាយផលិតផលអាហារបំប៉នសារាយសមុទ្រធម្មជាតិ ស្តង់ដាប្រទេសបារាំង ដែលមានគុណភាពល្អសម្រាប់សុខភាពរបស់ពួកគាត់។
ជាមួយគ្នានេះ ពូ ណុយ បាននិយាយថា មូលហេតុដែលគាត់សម្រេចចិត្តធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស គឺដោយសារលោកបានសិក្សាស្វែងយល់យ៉ាងលំអិតជាយូរមកហើយ ពាក់ព័ន្ធនឹងគុណភាព និងអត្ថប្រយោជន៍របស់អាហារបំប៉នសារាយសមុទ្រធម្មជាតិ ដែលបង្កើតឡើងតាមស្តង់ដាប្រទេសបារាំង មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្រោយក្លាយជាទូតសុឆន្ទៈ ពូ ណុយ ប្តេជ្ញាថា នឹងខិតខំប្រឹងប្រឹងជំរុញផ្សព្វផ្សាយ ក៏ដូចជាលើកស្ទួយផលិតផលអាហារបំប៉នសារាយសមុទ្រធម្មជាតិទៅតាមទេពកោសល្យរបស់ខ្លួន ដើម្បីទទួលបាននូវការគាំទ្រ និងទំនុកចិត្តពីសំណាក់អតិថិជនឱ្យកាន់តែកើនឡើងបន្ថែមទៀត៕
ដោយ៖ ទីណា