កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងថា គោលដៅចម្បង នៃផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ។

សម្តេច បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ ។

សម្ដេចក្រឡាហោម ស ខេង បន្តថាគោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

សម្ដេចឧបនាយករដ្ឋមន្រ្តី បន្តថា សមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានាទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។

សម្ដេចក្រឡាហោម បន្តទៀតថា ទិសដៅការងារដែលត្រូវខិតខំសម្រេចឱ្យបានក្នុងតំណាក់កាលនេះ រួមមានការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធអត្តសញ្ញាណកម្ម។

សម្ដេច ស ខេង បន្ថែមថា ជំហានបន្ទាប់គឺភ្ជាប់ប្រព័ន្ធទាំងអស់ទៅក្នុងប្រព័ន្ធមេមួយដើម្បីប្រមូលផ្ដុំទិន្នន័យ និងសម្អាតទិន្នន័យសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ខណៈបណ្ដាប្រទេសនានាលើពិភពលោកបាននិងកំពុងយកចិត្តទុកដាក់លើការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិសេសការប្ដូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះក្នុងប្រព័ន្ធព័ត៌មានវិទ្យា។

សូមបញ្ជាក់ថាយោងតាមរបាយការណ៍ សម្រាប់ឆ្នាំ២០២៣នេះ គ.ជ.ដ.អ. ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃជាសេនាធិការស្នូល នឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីដាក់ឆ្លងកិច្ចប្រជុំពេញអង្គនៅគណៈរដ្ឋមន្ត្រី ព្រមទាំងជ្រើសរើស ឃុំ សង្កាត់ចំនួន ៥០០ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ដាក់ឱ្យអនុវត្ត យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មក្នុងជំហានទី១ និងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើការងារផ្ទៀងផ្ទាត់ទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ CamDX ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner