នគរបាលសហព័ន្ធអូស្ត្រាលី សន្យាបន្តគាំទ្រនគរបាលជាតិកម្ពុជាលើការបើកវគ្គបណ្តុះបណ្តាលជំនាញជូនដល់មន្ត្រីសិក្ខាកាម ដើម្បីយកទៅបំពេញភារកិច្ចឱ្យចំគោលដៅ
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យលោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិនារសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ។
លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តមអគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។
ជាមួយគ្នានោះ ភាគីនគរបាលសហព័ន្ធអូស្រ្តាលី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា តាមរយៈក្រុមការងារ TC T និងអរគុណដល់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិកម្ពុជា ដែលតែងតែគាំទ្រដល់នគរបាលសហព័ន្ធអូស្រ្តាលីនៅក្នុងមជ្ឈមណ្ឌលTCT ផងដែរ។ ភាគីអូស្ត្រាលី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ TCT កម្ពុជាធ្វើជាគំរូដែលអាចយកទៅបង្កើតនៅប្រទេសដទៃផ្សេងទៀតនៅពេលខាងមុខ។ ក្នុងនោះ ភាគីនគរបាលសហព័ន្ធអូស្ត្រាលី បានសន្យាបន្តគាំទ្រនគរបាលជាតិកម្ពុជាលើការបើកវគ្គបណ្តុះបណ្តាលជំនាញជូនដល់មន្ត្រីសិក្ខាកាម ដើម្បីយកទៅបំពេញភារកិច្ចឱ្យចំគោលដៅ។
លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី ក៏បានអបអរសាទរចំពោះការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់អង្គការ(FATF) និងបានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលជាផ្នែកមួយសំខាន់ដែលនាំឱ្យកម្ពុជាសម្រេចបានលើកាងារនេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណនូវការជួយជ្រោមជ្រែងរបស់នគរបាលអូស្រ្តាលី ដែលក្នុងរយៈកាលកន្លងមក ដូចជា ការផ្តល់ទីប្រឹក្សាក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគោលនយោបាយនគរបាលជាតិកម្ពុជា ជួយគាំទ្របង្កើតក្រុមការងារ TCT និងការជួយបណ្តុះបណ្តាលទាំងការកសាងសមត្ថភាពមន្ត្រី ការជួយមធ្យោបាយ សម្ភារៈ និងគម្រោងធំៗដទៃទៀត។
ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រទាំងនេះ និងស្នើឱ្យភាគីអូស្រ្តាលីជួយគាំទ្របន្ថែមទៀត ជាពិសេសគឺការបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលជាប្រភេទបទល្មេីសកំពុងមាននិន្នាការកើនឡើងជារួមនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី ៕
ដោយ-រ៉ាវុធ