ស៊ីម៉ាក់ ប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅស្រុកស្វាយលើ

សៀមរាប៖ អង្គភាពស៊ីម៉ាក់បានប្រកាសបើកការដ្ឋានប្រតិបត្តិការបោស សម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៣ ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោម អធិបតីភាពសម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វេនធាន ( WANG Wentian ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជា មានិត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតរដ្ឋចិននេះ បានផ្ដល់ជូនអង្គភាពស៊ីម៉ាក់ ចំនួនពីរដំណាក់កាលរួច មកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដោយមានថវិកាសរុបចំនួន ១០ លានដុល្លារអាមេរិក។ ជាលទ្ធផលទាំងពីរដំណាក់កាលនេះ អង្គភាពបាន ធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន ៧៤.៩២២.៧៨៤ ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោល គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន៧១.៥៥៨គ្រាប់ ក្នុងនោះគ្រាប់មីន ប្រឆាំងមនុស្សចំនួន ១២.០១៦គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន៣២៤គ្រាប់ មីនកែច្នៃចំនួន២២គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះចំនួន៩០គ្រាប់ គ្រាប់បែកចង្កោមចំនួន៤.៣៩២គ្រាប់ គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ ប្រទេទចំនួន៥៤.៧១៤គ្រាប់ និងផ្តល់ការអប់រំដល់ប្រជាពលរដ្ឋសរុប ចំនួន៦៩៩.២៣៥នាក់។ គម្រោងនេះក៏ បានរួមចំណែកក្នុងការអភិវឌ្ឍម សហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពល រដ្ឋសរុបចំនួន២១៤.៦៦១គ្រួសារ ស្មើនឹង៦៧៤.៦១៨នាក់។

ដោយឡែកសម្រាប់ដំណាក់កាលទី៣នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិត ចិនបានសម្រេចផ្ដល់ ហិរញ្ញប្បទាន ឥតសំណងជូនដល់ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាព ស៊ីម៉ាក់ ក្នុងឆ្នាំ២០២៣ នៅក្នុង ភូមិសាស្រ្ដខេត្តចំនួនបីរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួនចំនួន៤.៤លាន ដុល្លារ ដែលជំនួយនេះ ជាឆ្នាំទី១ នៃគម្រោងកម្មវិធី មានរយៈពេលបីឆ្នាំ (២០២៣-២០២៥) មានថវិកាសរុបចំនួន១៣.២លានដុល្លារ។

ក្នុងខេត្តសៀមរាប អង្គភាពស៊ីម៉ាក់បានចាប់ផ្ដល់ប្រតិបត្តិការ បោស សម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចាប់ ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលមានជាអាទិ៍ដូចជា បោសសម្អាត រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុប ចំនួន ៥១.៧៩០.៨៦៥ ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន២៩.១៨៥គ្រាប់។

គួររំលឹកដែរថា ខេត្តសៀមរាបមានផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់ យុទ្ធភណ្ឌសង្គ្រាម ដែលបានដឹង និងមានក្នុងកំណត់ ត្រា ទិន្នន័យជាតិចំនួន៨៩.៦៣០.៣៣៣ ម៉ែត្រក្រឡា ក្នុងផ្ទៃដីដែលរង ផលប៉ះពាល់ដោយសារមីនមានចំនួន៨៤.៤៨៣.០១៥ម៉ែត្រក្រឡា និងផ្ទៃដីដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមមានចំនួន៥.១៤៧.៣១៨ ម៉ែត្រក្រឡា។

គម្រោងជំនួយរបស់ប្រទេសចិនលើកនេះ សំដៅបោសសម្អាតសំណល់ជាតិ ផ្ទុះពី សង្គ្រាមគ្រប់ប្រទេសដែលរួមមាន គ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់ បែក ទម្លាក់ពីយន្តហោះ ជាដើម ឈានទៅការបញ្ចប់សំណល់យុទ្ធសង្គ្រាម ទាំងស្រុងតែម្តង៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner